(តពីលេខមុន)
# ពិធីចូលវស្សា :
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរ:វេលា 3 ខែចាប់តាំងពីថ្ងៃ ១ រោចខែអាសាធតទៅ។
ពាក្យថាវស្សា មកពីពាក្យបាលីថា” វស្ស:” ប្រែថា “ភ្លៀង” ឬរដូវភ្លៀង ដែលមានកំណត់ ៤ ខែរាប់ពីថ្ងៃ ១ រោចខែអាសាឍដល់ ១៥ កើតខែ កត្តិក ។ ព្រះបរមសាស្តាយើងទ្រង់បានបញ្ញត្តិឱ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការ ចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ ខែទេរាប់ពីថ្ងៃ ១ រោច ខែអាសាធដល់ ១៥ កើតខែអស្សុជ។ ក្នុងរយៈវេលាបីខែនេះនៅគ្រប់ព្រះវិហារនៃទីវត្តទាំងឡាយគេ តែងរក្សាភ្លើងទៀនព្រះវស្សាឲ្យនៅឆេះជានិច្ច ។ តួទៀនធ្វើអំពីឈើមានទំហំប្រមាណពីរចាប់កម្ពស់ពីហត្ថមានរចនាក្បាច់យ៉ាងល្អនិងរំលេចពណ៌ដ៏ប្រណីតផងខាងក្នុងតួពុម្ពទៀនមានដោតអំបោះឆៅជាប្រឆេះ ហើយគេបង្ហូរក្រមួនឃ្មុំចូលទៅក្នុងពុម្ពនោះ ។ប៉ុន្តែដោយក្រមួនឃ្មុំពុំសូវសំបូរគេនិយមប្រើប្រេងជំនួសវិញ ហើយចាក់ក្រមួនឱ្យមានកម្រាស់តែ ៥ ធ្នាប់ខាងលើទេ ។ លុះឆេះអស់សាច់ក្រមួនហើយទើបឆេះដល់ប្រេង។ គេធ្វើដូច្នេះដើម្បីឱ្យទៀននោះឆេះជាប់ដរាបគ្រប់ ៣ ខែ។
ការដល់ថ្ងៃកំណត់ចូលព្រះវស្សាហើយព្រះករុណាឬព្រះរាជវង្សានុវង្សមួយអង្គ ទ្រង់យាងចេញទៅអុជទៀនវស្សាទាំងបួនយ៉ាងឧឡារឹកជារៀងរាល់ឆ្នាំ។ បណ្ដាទៀនវស្សាទាំងបួននោះមានមួយត្រូវគេតម្កល់នៅហោព្រះរូបក្នុងព្រះបរមរាជវាំង ដែលជាកន្លែងតម្កល់ព្រះពុទ្ធរូប។ទៀនមួយទៀត តម្កល់នៅក្នុងព្រះអដ្ឋិនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យដែលជាទីតម្កល់នូវកោដ្ឋអដ្ឋិធាតុរបស់ក្រុមព្រះរាជវង្សានុវង្ស។ ទៀនទី៣ តម្កល់ក្នុងហោព្រះខ័នទៀនទី ៤ អង្គនៅក្នុងព្រះវិហារព្រះកែវមរកត។
ម្យ៉ាងទៀតព្រះករុណាទ្រង់តម្រូវឲ្យធ្វើទៀនទៅតម្កល់នៅទីវត្តក្នុងព្រះរាជធានីននិងទីវត្តជិតៗនាទីក្រុងផង។ ហេតុនេះហើយទើបទៀនវស្សាព្រះរាជទ្រព្យមានដល់ទៅ ១៩ ដើម។ នៅថ្ងៃដែលធ្វើពិធីឲ្យទៀនវស្សានេះ នៅព្រះបរមរាជវាំងក្រុមបាគូរបុរោហិត រៀបចំធ្វើពិធីអញ្ជើញព្រះបញ្ចក្សេត្រឲ្យចូលទៅកាន់ព្រះវស្សាដែរ។
ចាប់តំាងពីថ្ងៃពេញបូរមីខែអាសាឍ គឺមុនថ្ងៃចូលព្រះវស្សាមួយថ្ងៃ គេសង្កេតឃើញភាពអ៊ូអរស្ទើរតែគ្រប់វត្តអារាម។ ពីព្រលឹមព្រះសង្ឃទាំងឡាយដែលនៅក្នុងវត្តនិមន្តចូលទៅក្នុងព្រះវិហារដើម្បីថ្វាយបង្គំព្រះរតនត្រ័យ និងស្វាធ្យាយធម៌ដារបញ្ជូនផលានិសង្ឃដល់វិញ្ញាណក្ខន្ធអ្នកដែលធ្វើមរណកាលទៅ ហើយដល់ថ្ងៃត្រង់ពួកទាយកទាយិការៀបចំចង្ហាន់ប្រគេនព្រះសង្ឃឆាន់។ ពេលល្ងាចព្រះសង្ឃសម្ដែងធម៌ទេសនាជាការស្រេច។
ថ្ងៃបន្ទាប់មកជាថ្ងៃចូលព្រះវស្សានៅវេលារសៀល គេធ្វើពិធីហែទៀនព្រះវស្សា និងគ្រឿងបរិក្ខារផ្សេងៗ មានសំពត់វស្សិកសាដកជាដើម ប្រទក្សិណព្រះវិហារ ៣ជុំសិន ទើបនាំទៀនចូលទៅ។ គេវេរទៀនរួចទើបអុជទៀននោះជាក្រោយ។ នៅឱកាសនោះគេនិមន្តព្រះសង្ឃឲ្យគង់តាមលំដាប់វស្សាចាស់-ខ្ចី។ ព្រះសង្ឃដែលចាស់វស្សាជាងគេប្រកាសប្រាប់ទីប្រជុំថា ថ្ងៃនេះជាថ្ងៃចូលព្រះវស្សាដែលមានថិរវេលា ៣ ខែឲ្យព្រះសង្ឃឯទៀតថាតាម។
ក្នុងកំណត់រដូវចូលវស្សា ៣ ខែនោះ ព្រះសង្ឃពុំអាចនិមន្តទៅណាមកណាដូចពេលក្រៅវស្សាទេ។ បើកាលណាមានកិច្ចពិសេស ព្រះសង្ឃអាចនិមន្តទៅផ្ទះឯកជនបាន។ បើប្រសិនជាគេនិមន្តឬបើមានធុរៈញោមឈឺឬក៏ឧបជ្ឈាយ៍អាចារ្យឈឺ លោកអាចចេញទៅគង់ក្រៅអារាមបានប៉ុន្តែត្រូវកុំឲ្យហួសពី ៧ថ្ងៃ។ មុននឹងចេញទៅលោកសង្ឃត្រូវទូលលោកគ្រូជាមេវត្តសិន ដោយសន្យានិងលោកថា នឹងវិលមកវិញឲ្យទាន់មុនអារុណរះនៃថ្ងៃទី ៧ ជាមិនខាន។ ដល់ពេលត្រឡប់ចូលទីអារាមវិញភ្លាម ត្រូវចូលទៅបង្ហាញខ្លួនដល់លោកគ្រូមេវត្តជាដំណឹង។
ជួនកាលមានព្រះសង្ឃខ្លះ បានចូលព្រះវស្សាតាមកំណត់កាលវេលាដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធនោះ លោកអាចចូលមច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ ១ រោច ខែស្រាពណ៍ហើយត្រូវគិតវស្សាឲ្យគ្រប់ ៣ ខែដូចលោកសង្ជដែលចូលមុន គឺត្រូវចេញវិញនៅឆ្ងាយ ១ រោច ខែកត្ដឹក៕
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត