ខេត្តសៀមរាប ៖ ដោយសារតែឥទ្ធិពល ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាមួយ លាយឡំជាមួយនឹងភ្លៀងមួយមេធំ បានធ្វើឱ្យដួលរលំ និងខូចខាតដល់ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១៧ខ្នងនៅក្នុងភូមិនានានៅក្នុងស្រុកបន្ទាយស្រី។ តែជាសំណាងល្អ ដែលហេតុការណ៍នេះមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ នេះជាការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
លោកបានបន្តថា, ក្រុមការងាររបស់រដ្ឋបាលស្រុកបន្ទាយស្រី និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រីបានធ្វើការឆ្លើយតបភ្លាមៗ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់មួយចំនួនទៅដល់លំនៅឋានផ្ទាល់របស់បងប្អូនជនរងគ្រោះ ហើយក្រុមការងារនឹងបន្តកៀរគរស្វែងរកធនធានដើម្បីសាងសង់ផ្ទះដែលបានខូចខាតឡើងវិញផងដែរ។
លោកអភិបាលស្រុកលើកឡើងថា, ភ្លៀងដើមរដូវ ក្រៅពីងាយធ្វើឲ្យឈឺ ច្រើនមានលាយឡំនឹងខ្យល់កន្ត្រាក់ ក៏ដូចជារន្ទះកាចៗណាស់ ដូច្នេះសូមពុកម៉ែបងប្អូននៅក្នុងស្រុកបន្ទាយស្រី ដែលប្រកបមុខរបរតាមនៅដងផ្លូវ វាលស្រែ ឬធ្វើដំណើរបំពេញកិច្ចការអ្វីមួយក្នុងអំឡុងពេលមេឃភ្លៀង ត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ និងជៀសវាងទីជម្រកដែលមិនរឹងមាំ ឬគ្មានសុវត្ថិភាព ដែលអាចនាំឱ្យគ្រោះថ្នាក់ដល់ជីវិតបាន៕