ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឱ្យដឹងនៅថ្ងៃទី 11 ខែមីនាឆ្នាំ 2022នេះថា ក្រោយពីការបិទផ្សាយបញ្ជីបេក្ខជនរបស់គណបក្សនយោបាយរយៈពេលបីថ្ងៃ មានការរកឃើញការស្នើដកឈ្មោះ ចេញពីបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ បន្ទាប់ពីមានការចុះឈ្មោះបេក្ខជន ដោយមិនបានស្នើចេញពីបុគ្គលបេក្ខជនសាមី។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា បន្ទាប់ពីដំណើរការបិទផ្សាយបញ្ជីបេក្ខជន របស់គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ពីថ្ងៃទី៨-១០ ខែមីនា អំឡុងពេលបីថ្ងៃ នៃការបិទផ្សាយបញ្ជីបេក្ខជនបក្សនយោបាយ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត បានទទួលចំំណុចអសកម្មមួយចំនួនប៉ះពាល់ដល់ដំណើរការ ចុះឈ្មោះបេក្ខជនតាមបណ្តាខេត្ត រួមមាន ករណីបេក្ខជនរបស់គណបក្សនយោបាយខ្លះ ចុះឈ្មោះបេក្ខជន របស់ខ្លួនក្រោយបរិចេ្ឆទចុះឈ្មោះផ្លូវការបានបញ្ចប់ ខណៈករណីមិនប្រក្រតីសំខាន់ជាងនេះ គឺការស្នើដក ឈ្មោះបេក្ខជនចេញពីបញ្ជីបេក្ខជនគណបក្សនយោបាយ បន្ទាប់ពីគណបក្សនោះ បានចុះឈ្មោះបេក្ខជន ដោយមិនបានទទួលស្គាល់ពីសាមីខ្លួន។
ពាក់ព័ន្ធករណីនេះ អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា សាមីខ្លួន ដែលមិនទទួលស្គាល់ ចំពោះបញ្ជីបេក្ខជនគណបក្សនយោបាយ មានសិទ្ធិប្តឹងទៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងសម្រេច ។
បន្ទាប់ពីការបិទផ្សាយបញ្ជីបេក្ខជនគណបក្សនយោបាយ នៅថ្ងៃទី៦-៨ ខែមេសា គ.ជ.ប នឹងបិទ ផ្សាយបញ្ជីបេក្ខជនដំបូង នៅតាមគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ខណៈថ្ងៃទី២៤ ខែមេសា គ.ជ.ប នឹងបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ចំនួនជិត១០លាននាក់ ការិយាល័យបោះឆ្នោត មានចំនួនជាង២ម៉ឺនកន្លែង ក្នុងឃុំ-សង្កាត់ទូទាំងប្រទេស សរុបចំនួន១,៦៥២ឃុំ-សង្កាត់៕
ដោយ៖ សូរិយា