ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា «កម្ពុជាចង់បានព្រំដែនកម្ពុជា-ថៃ ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។
ប្រសាសន៍លើកឡើងរបស់នាយសេនីយ៍ ធ្វើឡើងនៅក្នុងឱកាសទទួលជួបជាមួយនាយឧត្តមនាវី ស៊ុមប្រាសុង នីលសាម៉ៃ (Somprasong Nilsamai) អគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២នេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា រាជរដ្ឋាភិបាលប្រទេសទាំងពីរ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា ជាប្រមុខ សង្គមជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសស្ថានការណ៍សន្តិសុខនៅតាមបណ្ដោយព្រំដែនមានភាពល្អប្រសើរ ដែលជាការចង់បានរបស់កម្ពុជា នៅក្នុងការប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ទាក់ទងនឹងស្ថានភាពនៅកម្ពុជា នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានបញ្ជាក់ថា មកដល់បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ មានសភាពថមថយដែលអាចគ្រប់គ្រងបាន ហើយប្រទេសជាតិបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ដែលកត្តានេះ គឺអាស្រ័យដោយមានការដឹកនាំឈ្លាសវៃ ប៉ិនប្រសប់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការប្រើប្រាស់គ្រប់យុទ្ធវិធី ដោះស្រាយទាន់សភាពការណ៍ គួបផ្សំជាមួយការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសជាមិត្ត និងអង្គការសុខភាពពិភពលោក។
ជាកិច្ចឆ្លើយតប នាយឧត្តមនាវី ស៊ុមប្រាសុង នីលសាម៉ៃ បានសម្ដែងការសាទរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២នេះ។
នាយឧត្តមនាវី បានបញ្ជាក់ថា នេះជាលើកទីមួយ នៃដំណើរទស្សនកិច្ចមកកាន់កម្ពុជា ក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងទឹកភូមិន្ទថៃ ដែលទើបទទួលបានការតែងតាំង ដើម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ៕
ដោយ ៖ ស សម