ភ្នំពេញ ៖ បុរសម្នាក់សង្ស័យជាជនជាតិចិន បានជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករទេះអេតចាយដែលកំពុងឈប់លេីស្ពានច្បារអំពៅពីក្រោយពេញទំហឹង និងអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យអ្នកជិះម៉ូតូជាជនបរទេសនោះបោកក្បាលស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អេីល និងស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចលើស្ពានច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយជាជនជាតិបរទេស ។
តាមសម្ដីបុរសម្នាក់ជាម្ចាស់រទេះអេតចាយបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានអូសរទេះអេតចាយឡេីងមកលេីស្ពានច្បារអំពៅបំណងទៅត្រេីយម្ខាងទៀត ក្នុងទិសដៅពីលិចទៅ
កេីត ខណៈអូសរទេះមកដល់ចំពាក់កណ្ដាលស្ពានក៏បានឈប់រទេះអេតចាយរួចក៏បត់ជេីងតូច(នោម)មិនទាន់រួចផង ស្រាប់តែមានបុរសម្នាក់សង្ស័យជាជនជាតិចិនបានជិះម៉ូតូមួយគ្រឿងម៉ាកZOOMER -X ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HS-9912 ធ្វើដំណើរស្របគ្នាមកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរទេះអេតចាយវិលមួយជុំប៉ះគាត់កំពុងឈរនោមរងរបួសស្រាល រីឯបុរសម្ចាស់ម៉ូតូអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យបោកក្បាលលើស្ពានស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។
ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃេីញមានការកកស្ទះចរាចរណ៍ដល់អ្នកដំណេីរជាខ្លាំងទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ជួយសម្រួលចរាចរណ៍ និងទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងឲ្យមកចុះវាស់វែងយកម៉ូតូនិងរទេះអេតចាយទៅរក្សាទុករង់ចាំដោះស្រាយបន្តទៀតនៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះក៏ត្រូវសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ឱ្យរថយន្តសាមុយដឹកយកទៅ
តំកល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ