ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ទទួលបានសំណើពីពលរដ្ឋនៅមជ្ឈិមបូព៌ាជិត២ម៉ឺននាក់សុំចូលរួមជាមួយកម្លាំងទាហានរុស្ស៊ីក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ ប៉ុន្តែនៅពេលនេះទីក្រុងមូស្គូមិនទាន់សម្រេចនៅឡើយទេ។ ពាក់ព័ន្ធនឹងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែននោះដែរ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នៅថ្ងៃសុក្រសប្តាហ៍នេះបានលើកឡើងថា ការបញ្ជូនរថយន្ត រថក្រោះ និងកងទ័ពរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន គឺស្មើនឹងការចាប់ផ្តើមនៃសង្រ្គាមលោកលើកទី៣មិនខានឡើយ។ លោក បៃឌិន បានលើកឡើងដូចខាងលើនេះ ដើម្បីបញ្ជាក់ប្រាប់សមាជិកសភាអាមេរិកនៃបក្សប្រជាធិបតេយ្យដែលជាគណបក្សនយោបាយរបស់លោក។ លោកប្រធានាធិបតីអាមេរិកបានថ្លែងយ៉ាងដូច្នេះថា «យើងកំពុងបង្ហាញពីកម្លាំងរបស់យើង ហើយយើងមិនចុះញ៉មជាដាច់ខាត។ ប៉ុន្តែទាក់ទងគំនិតចង់ឱ្យពួកយើងបញ្ជូនសព្វាវុធ ដូចជារថក្រោះ យន្តហោះ អមជាមួយកងទ័ពអាមេរិកផ្ទាល់ ទៅកាន់អ៊ុយក្រែន គួរយល់ឱ្យបានច្បាស់ថា ទោះអ្នកទាំងអស់គ្នាចង់ហៅវាថាជាអ្វីក៏ដោយ ធាតុពិតការធ្វើបែបនោះគឺស្មើនឹងផ្ទុះសង្រ្គាមលោកលើកទី៣។ ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់នៅទីនេះ»។ កន្លងមកទីក្រុងវ៉ាស៉ីនតោនធ្លាប់បានបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងពុំមានការបញ្ជូនកងទ័ព ឬការចូលពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្រ្គាមដែលកំពុងកើតឡើងនៅអ៊ុយក្រែនឡើយ តែបានសង្កត់ធ្ងន់ថា ខ្លួននឹងធ្វើការអន្តរាគមន៍ភ្លាមៗ ប្រសិនបើសង្រ្គាមរាលដាលដល់ប្រទេសណាមួយដែលជាសមាជិកអង្គការ NATO៕ ដោយធីរីណា
រូបថត៖anninhthudo.vn