នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២២ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមដែលអូសបន្លាយរយៈពេល១១ឆ្នាំនៅក្នុងប្រទេសស៊ីរី។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសថា រយៈពេល១១ឆ្នាំនៃសង្គ្រាម នៅក្នុងប្រទេសស៊ីរី គឺដល់ពេលដែលត្រូវបញ្ចប់វាហើយ។ សង្គ្រាមបង្កឱ្យមានការរំលោភបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង ។ លោក Antonio Guterres បានបញ្ជាក់ថា ការបំផ្លាញដែលពលរដ្ឋស៊ីរីត្រូវទទួលរងគឺមានទំហំធំធេងយ៉ាងខ្លាំងដែលមិនមានទីណាអាចប្រៀបធៀបបាននោះឡើយក្នុងសម័យកាលទំនើបកម្មរបស់មនុស្សជាតិ ។ លោក Antonio Guterres បានបញ្ជាក់ថា «យើង មិនអាចធ្វើឱ្យពលរដ្ឋស៊ីរីបន្តខកចិត្តនោះឡើយ យើងត្រូវបញ្ចប់សង្គ្រាមឱ្យបានឆាប់បំផុត ហើយជំនួយមនុស្សធម៌ត្រូវតែបន្ត ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យចូលរួមដំណើរការនយោបាយដែលដឹកនាំដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ីរី។ ជម្រើសដែលល្អបំផុតនាពេលនេះនោះគឺសន្តិភាព ។ សង្គ្រាមនៅក្នុងប្រទេសស៊ីរីបានចាប់ផ្តើមឡើងនៅឆ្នាំ២០១១ ដោយសង្គ្រាមកើតចេញពី «បដិវត្តន៍ផ្កាម្លីះ» ឬ« បដិវត្តន៍និទាឃរដូវ» នៅតំបន់អារ៉ាប់៕ ដោយធីរីណា
រូបថត៖AFP/VNA