ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ទូរស័ព្ទដៃ និងកាបូបប្រាក់ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាខារាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី១២ ខែមិនា ឆ្នាំ២០២២។
ជនសង្ស័យឈ្មោះ ហាន វិស្នុ ហៅ ត្រេន ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលំ ក្រុម៣៥ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកាំបិតកែច្នៃភ្ជង់គំរាមប្លន់យកទូរស័ព្ទដៃ និងកាបូបប្រាក់ ប្រព្រឹត្តនៅចំណុចផ្លូវលំ ក្រុម៣៥ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០១:០០នាទី រំលងអាធ្រាត្រ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចជំនាញ បានចាប់យកវត្ថុតាងរួមមាន៖ កាំបិតកែច្នៃ ប្រវែង ៥០សង់ទីម៉ែត្រ មានដងជ័រពណ៌ខ្មៅ ចំនួន០១ដើម។ សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃ ចំនួន០២ គ្រឿង និងកាបូបប្រាក់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖សហការី