ភ្នំពេញ÷នៅព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៣នៅសណ្ឋា គារហាយ៉ាត់ រីជិនស៊ី វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចតំបន់អាស៊ាន និងបូព៌ា(Eria) និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម(TTRI)នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើនអនាគតសម្រាប់អាស៊ីបូព៌ា និងអាស៊ានក្រោមធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ រួមមានការអញ្ជើញចូលរួមពីឯកឧត្តម Hidetoshi Nishimura ប្រធានវិទ្យាស្ថានEria និងសមាជិក,សមាជិការជាច្រើនរូបទៀត។
លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះក្រោមប្រធានបទភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ផលប៉ះពាល់ បញ្ហាប្រឈម និងកំណើនអនាគតសម្រាប់អាស៊ីបូព៌ា និងអាស៊ាន គឺមានភាពពាក់ព័ន្ធក្នុងដំណាក់កាលនៃកំណើនសេដ្ឋកិច្ចនាពេលខាងមុខរបស់ប្រទេសកម្ពុជា និងបរិវត្តផ្នែករចនាសម្ព័ន្ធរបស់ខ្លួននៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា តាមរយៈការស្រាវជ្រាវរបស់វិទ្យាស្ថានEria កម្ពុជាត្រៀមនឹងទទួលនូវកំណើត៧.៣%ក្នុងការនាំចេញ ២៣.៤% ក្នុងការវិនិយោគ និង២%ភាគរយនៃផលិតផលក្នុងស្រុកសរុបពីការអនុវត្តកិច្ចព្រមព្រៀង អាសិបដែលមានសមាជិក១៥ប្រទេសចុះហត្ថលេខី។ លោកមាន ប្រសាសន៍បន្តទៀតថា ទោះបីជាកន្លងមកមានការ រឹតបន្តឹងព្រំដែនក៏ដោយ ពេលនេះព្រំដែនកំពុងបើកចំហជាបណ្តើរៗជាមួយនឹងយុទ្ធសាស្ត្រចាក់ថ្នាំបង្ការ កាន់តែខ្លាំង និងគោលនយោបាយគ្រប់គ្រងជំងឺរាតត្បាត។ នេះជារបៀបវារៈសំខាន់នៃការងើបឡើងវិញ របស់អាស៊ាន និងសមាហរណកម្មតំបន់កាន់តែប្រសើរ។ កិច្ចព្រមព្រៀងអាសិបត្រូវបានគេរំពឹងថា នឹង ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មក្នុងតំបន់ និងការស្ដារឡើងវិញក្នុង និងក្រោយជំងឺ រាតត្បាត ដូចដែលបានគូសបញ្ជាក់នៅក្នុងសៀវភៅ ERIA_RCEP ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុង សិក្ខាសាលានេះ។
កិច្ចព្រមព្រៀងអាសិបបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីអ្នកចរចាបានខិតខំ ប្រឹងប្រែង ប្តេជ្ញាចិត្តយ៉ាងខ្លាំង តាំងពីឆ្នាំ២០១២ ដើម្បីសម្រេចបាននូវការចុះហត្ថលេខាឱ្យឆាប់តាមដែល អាចធ្វើទៅបាន ទោះបីជាមានការពន្យារពេលជាច្រើនដង និងការរំខានពីជំងឺរាតត្បាតនាពេលថ្មីៗនេះក៏ ដោយ។ ទាំងអស់នេះបានបំផុសគំនិតយើង ជាពិសេសក្រសួងពាណិជ្ជកម្ម ឱ្យប្រើប្រាស់ប្រកបដោយអត្ថន័យបំផុតនៃកិច្ចព្រមព្រៀងនេះ ចាប់ពីការផ្សព្វផ្សាយរហូតដល់ការអនុវត្ត សិក្ខាសាលាថ្ងៃនេះ ក្នុង ចំណោមសិក្ខា សាលាផ្សេងទៀត ដើម្បីសម្រេចបាននូវបេសកកម្មនេះ។
ក្រសួងពាណិជ្ជកម្មដែលកំពុង ធ្វើការសិក្សាអំពីយុទ្ធសាស្ត្រដើម្បីទាញអត្ថប្រយោជន៍ជាអតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង កំពុងពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បន្ថែមលើកិច្ច CCFTA និង CKFTA ដែលកម្ពុជាសម្រេចបានជាប្រវត្តិសាស្ត្រតាំងពីចុងឆ្នាំ២០២១។
ជាការពិតណាស់ សម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា កិច្ចព្រមព្រៀងអាសិបមិនគ្រាន់តែជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មនោះទេ តែជាកត្តាលីករក្នុងការជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់ក្នុងអំឡុងពេល និង ក្រោយវិបត្តិកូវីដ-១៩ កិច្ចព្រមព្រៀងនេះក៏ជាយន្តការដែលអាចសង្គ្រោះតំបន់ទាំងពីរក្នុងស្ថានភាពមិន ប្រាកដប្រជាជាសកល រួមមានការជាប់គាំងនៃប្រព័ន្ធពហុភាគីនិយមនៅអង្គការWTO ការដាក់ចេញគោល នយោបាយគាំពារនិយមឯកតោភាគីនៃរដ្ឋមួយចំនួន និងផលប៉ពាល់ជាសកលនៃវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។
លើសពីនេះ កិច្ចព្រមព្រៀងអាសិប ក៏ជាវេទិការសម្រាប់បង្កើតសុខដុមនីយកម្មផ្នែក នយោបាយក្នុងចំណោមតួអង្គពាក់ព័ន្ធផងដែរ។ សម្រាប់ប្រទេសកម្ពុជា កិច្ចព្រមព្រៀងនេះបង្កើតជាវេទិកា ផ្លូវច្បាប់ទំនើប ដែលជំរុញឱ្យបង្កើតកិច្ចព្រមព្រៀងសេរីបន្ថែមទៀតដោយប្រើកិច្ចព្រមព្រៀងអាសិប ជាគំរូ ឬកម្រិតកំណត់នៃសេរីភាវូបនីយកម្ម និងដើម្បីធ្វើកំណែទម្រង់ជាច្រើនធានារក្សាស្តង់ដាររបស់ខ្លួន ដែលអាចមានសមាមាតទៅនឹងកម្រិតដែលកិច្ចព្រមព្រៀងនេះអាចទទួលយកបាន រួមទាំងនៅផ្នែកហេដ្ឋ រចនាសម្ព័ន្ធ ច្បាប់ និងស្ថាប័ន។
កិច្ចព្រមព្រៀងនេះក៏ជាកិច្ចអន្តរាគមន៍រយៈពេលវែងសម្រាប់ដំណើរបស់ កម្ពុជាក្នុងការបញ្ចប់ឋានៈប្រទេសអភិវឌ្ឍតិចតួចរបស់ខ្លួននៅឆ្នាំ២០២៨ និងការខិតខំប្រឹងប្រែងដែល បានគ្រោងទុករបស់ប្រទេសដើម្បីសម្រេចបាននូវស្ថានភាពចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ៖ សូរិយា