ខេត្តព្រះសីហនុ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះបានទទួលជួបសំណេះសំណាលនិងអញ្ជើញពិសាភោជនាហារជាមួយនឹងក្រុមនាវិកកងទ័ពជើងទឹកប្រទេសជប៉ុនដែលបានចូលចតនៅកំពង់ផែព្រះសីហនុនាថ្ងៃនេះ។
សម្ដេចបានទទួលជួបជាមួយនឹងក្រុមនាវិកនៃកងទ័ពជើងទឹកជប៉ុននៅសណ្ឋាគារសុខាអូតែលខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿង មានឈ្មោះទី១ URAGA-463 មានបណ្ដោយ១៤១ម៉ែត្រ ទទឹង២២ម៉ែត្រ ជម្រៅទឹក៥,៤ម៉ែត្រ មានទម្ងន់ផ្ទុក៥.៦៥០តោន និងមាននាវិកចំនួន១២៦នាក់។ នាវាទី២ឈ្មោះHIRADO-305 មានបណ្ដោយ ៦៧ម៉ែត្រ ទទឹង១១ម៉ែត្រ ជម្រៅទឹក២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០តោន និងមាននាវិកចំនួន៥៤នាក់។
នាវាទាំង២គ្រឿងដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការ កងពលធំទី១ បោសសម្អាតមីនប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានចូលចតនៅក្នុងកំពង់ផែខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះដោយមានការស្វាគមន៍ពីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់។
ការចូលចតរបស់នាវាទាំង២គ្រឿងនេះគឺជាការចូលរួមអបអរសាទរខួបលើកទី៣០ នៃបេសកកម្មរក្សាសន្ដិភាពរបស់ប្រទេសជប៉ុននៅកម្ពុជាផងដែរ។
សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាយ នាយរង និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុនដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ ការចូលចតនាវា URAGA ដែលមាននាវិកចំនួន១២៦នាក់ និងនាវា HIRADO មាននាវិកចំនួន៥៤នាក់នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលនេះ គឺជាសក្ខីភាពបង្ហាញពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនថែមទៀត និងជាការចូលរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនចេញបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាជាលើកដំបូង។
នៅក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះវត្តមានភ្ញៀវជាតិ អន្តរជាតិ និងសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពជើងទឹកដែលបានសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធរៀបចំសម្របសម្រួលការងារគ្រប់ផ្នែកសម្រាប់នាវាកងស្វ័យការពារជើងទឹកជប៉ុន០២គ្រឿងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។ សូមអរគុណចំពោះវត្តមាន និងចំណាប់អារម្មណ៍របស់លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបានរំលេចពីប្រវត្តិនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុនមកកាន់កម្ពុជាជាលើកដំបូង និងជាការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកងយោធពលខេមរភូមិន្ទ។ អរគុណចំពោះលោកមេបញ្ជាការនាវា URAGA និងនាវា HIRADO កងស្វ័យការពារជើងទឹកជប៉ុន ដែលបានបង្ហាញពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជា និងមានឆន្ទៈប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកងទ័ពជើងទឹកប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែប្រសើរឡើងនិងរីកចម្រើនថែមទៀត។ចាប់ពីឆ្នាំ២០០៨-២០២២ កងស្វ័យការពារជើងទឹកជប៉ុន ចូលចតបំពេញទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន០៩លើក ដែលមាននាវាសរុបចំនួន២៤គ្រឿងទាំងលើកនេះ បានធ្វើការហ្វឹកហ្វឺនរួមគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់សមត្ថភាពកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន លើវិស័យមនុស្សធម៌ សុខាភិបាល សង្គម គ្រោះមហន្តរាយ និងប្រឆាំងភេរវកម្ម៕
ដោយ : សិលា