ខេត្តសៀមរាប : នេះបើយោងរបាយការណ៍ អង្គភាពមន្ទីរព័ត៌មានខេត្តសៀមរាបសូមគោរពជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, ពលរដ្ឋប្រមាណជាង ៧០% រស់នៅក្នុងភូមិគោកដូង សង្កាត់ទឹកវឹល ក្រុងសៀមរាប បាននឹងប្រកបមុខរបរធ្វើ (កន្ត្រក ជាល អង្រុត ឈ្នាង) ទុកលក់ឲ្យម៉ូយៗ ដែលបានកម្ម៉ង់ទិញយកទៅលក់បន្ត ឬក៏យកទៅតុបតែងលម្អតាមគេហដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារជាដើម ដែលពួកគាត់អាចរកប្រាក់ចំណូលបានគួរសមពីការលក់ កន្ត្រក ជាល អង្រុត ឈ្នាង សម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃបានយ៉ាងល្អប្រសើរ។ លោក ធុយ ហ៊ត មេភូមិគោកដូង បានថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសន៏មួយ កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ម្សិលមុិញ ថា ប្រជាពលរស់នៅក្នុងភូមិរបស់លោក ដែលបានប្រកបមុខរបរធ្វើ (ឈ្នាង អង្រុត កន្ត្រក ជាល) មានប្រមាណជាង ៧០ភាគរយ បន្ទាប់ពីពួកគាត់ បានប្រកបរបរធ្វើស្រែ ចំការ ហើយនឹងក្រោយមកប្រមូលផលរួច ទើបពួកគាត់ឆ្លៀតធ្វើការងារបន្ទាប់បន្សំនេះ បំពេញបន្ថែម ដើម្បីបានប្រាក់ផ្គត់ផ្គងក្នុងក្រុមគ្រួសារ។ លោក បន្តថា ការងារធ្វើ (កន្រក អង្រុត ឈ្នាង) គឺបងប្អូនប្រជាពលរដ្ឋបានធ្វើតាំងពីយូរលង់ណាស់មកហើយ ពួកគាត់ធ្វើនេះ ដោយចេះតៗគ្នាតាំងពីដូនតាមកម្លេះ ការងារនេះ គឺបែបលក្ខណ:ជាគ្រួសារៗ ប្រាក់ដែលយើងរកបានពីការលក់នោះ វាមិនអាចជួយឲ្យជីវភាពរបស់ពួកគាត់មានបានច្រើនណាស់ណាទេ តែវាអាចជួយកាត់បន្ថយនៅការខ្វះខាតមួយចំនួនដែរ ជាពិសេស គឺការកាត់បន្ថយចំណាក់ស្រុករបស់បងប្អូនប្រជាពលរដ្ឋ នៅពេលពួកគាត់មានការងារធ្វើច្រើនក្នុងស្រុកនោះ គឺពួកគាត់មិនអាចទៅរកការងារឆ្ងាយបានឡើយ។
កិច្ចសំភាសន៍ដោយមន្ត្រីមន្ទីរព័ត៌មានខេត្តបានអោយដឹងថា, ប្អូនស្រី វី ណារ៉ុង ជាអ្នកប្រកបមុខរបរធ្វើ (ឈ្នាង អង្រុត កន្ត្រក ជាល) រស់នៅភូមិខាងលើ បានលើកឡើងថា ចំពោះមុខរបរធ្វើឈ្នាង អង្រុត កន្ត្រក ជាល ដែលជារបស់សម្រាប់តុបតែងលម្អនៅតាមគេហដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារ ឬក៏សម្រាប់ដាក់អំពូលភ្លើងនោះ គឺយើងធ្វើវាតូចៗល្មម យើងអាចលក់បានតម្លៃតិចច្រើនទៅតាមទំហុំរបស់វា ដូចជា ឈ្នាង អង្រុត កន្ត្រក ជាល យើងអាចលក់បានមួយក្នុងតម្លៃចាប់ពី ៤០០រៀល រហូតដល់ ៦០០រៀល អាធំជាងនេះ យើងអាចលក់បានប្រាក់ ក្នុងមួយតម្លៃចាប់ពី ៣,៥០០រៀល រហូតដល់ទៅ ៤,៥០០រៀល ការលក់នេះ វាមិនទៀងទាត់ទេ បើយើងធ្វើបានច្រើន យើងលក់បានលុយច្រើនទៅតាមហ្នឹងដែរ។ អាខ្នាតទំហំតូចក្នុងមួយថ្ងៃៗ យើងធ្វើបានចាប់១០ រហូតដល់ ២០-៣០ និងអាខ្នាតទំហុំធំជាង ក្នុងមួយថ្ងៃ គឺយើងធ្វើបានត្រឹមតែ ៤ -៥ ប៉ុណ្ណោះ។
ប្រជាពលរដ្ឋជាច្រើន ដែលប្រកបមុខរបរធ្វើឈ្នាង អង្រុត កន្ត្រក ជាល បានបង្ហាញស្រដៀងៗគ្នាថា កាលពីមិនទាន់មានផ្ទុះកូវិដ-១៩ ការរកស៊ីលក់ដូរមុខរបរនេះ គឺយើងលក់បានថ្លៃគួរសមដែរ តែឥឡូវលក់មិនសូវបានថ្លៃដូចមុនៗទេ ហើយក៏មានផលវិបាកចំពោះការចំណាយពេលវេលា និងប្រាក់ ដើម្បីទៅរកទិញវត្ថុ ធាតុដើមដូចជា ល្ពាក់ ទិញឬស្សី ឬក៏វល្លិ៍ យកមកធ្វើវា ភាគច្រើនគឺយើងទៅរកនៅខេត្តកំពង់ធំ ខេត្តពោសាត់ ទៅម្តងៗ ២-៣ថ្ងៃទើបត្រឡប់មកវិញ មិនសូវចំណេញប៉ុន្មានទេ តែនៅផ្ទះមិនដឹងធ្វើអ្វី។ ម៉្យាងមុខរបរនេះ គឺអ្នកស្រុកធ្វើតកូនតចៅរហូតមកដល់សព្វថ្ងៃតែម្តង សម្រាប់ជីវភាពប្រចាំថ្ងៃ។ បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិគោកដូង ដែលបានប្រកបមុខរបរខាងលើ សូមអំពាវនាវដល់បងប្អូនអាជីវករ ពាណិជ្ជករ តាមសហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ សូមមេត្តាជួយគាំទ្រផលិតផលខ្មែរធ្វើដោយដៃនេះផង ៕
ដោយ : សិលា