ភ្នំពេញ ៖ រថយន្តម៉ាក Toyota កាមរីហាយប្រ៊ីដបានបេីកបត់ត្រឡប់ក្រោយមិនប្រយ័ត្នក៏ត្រូវរថយន្តម៉ាកហុីយ៉ាន់ដាយ ដឹកទំនិញធុនតូចបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នៅចំណុចមុខដេប៉ូបូមខ្សាច់មួយស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ដំបូងគេឃេីញរថយន្តម៉ាក តូយ៉ូតាកាមរីហាយប្រ៊ីដ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AM -2115 បានបេីកចេញពីលេីខឿនផ្លូវខាងស្ដាំ រួចមកកណ្ដាលទ្រូងផ្លូវបំណងបត់ត្រឡប់ក្រោយ ខណៈនោះស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA -9069 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងល្បឿនលឿនល្មមក៏បុករថយន្តកាមរីហាយប្រ៊ីដចំពីហៀងពេញទំហឹងបណ្ដាលឱ្យរថយន្តកាមរីហាយប្រ៊ីដខូចខាតច្រេីនជាងរថយន្តហុីយ៉ាន់ដាយ តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងទាក់ទងបន្តទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យមកធ្វេីការវាស់វែង តែដោយសមត្ថកិច្ចធ្វេីការសម្របសម្រួលដល់ភាគីទាំងពីរ ទេីបភាគីខាងរថយន្តម៉ាកកាមរីហាយប្រ៊ីដព្រមសងថ្លៃខូចខាតទៅឲ្យភាគីរថយន្តហុីយ៉ាន់ដាយចំនួន១០០$ បញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ ៕
ដោយ ៖ ភារ៉ា ដង្កោ