ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញាតជូនលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយ ការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ។
ពាក់ព័ន្ធនឹងវិវាទការងារដែលលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានផ្ដោតលើករណីវិវាទរវាងអតីតបុគ្គលិកនិងក្រុមហ៊ុនណាហ្គាវើលដ៍ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្ដេចតែងអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចាដើម្បីឈានទៅរកដំណោះស្រាយ។ សម្ដេចបន្តថាពេលនេះមានការដោះលែងអ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នដើម្បីស្វែង រកការចរចារបន្តក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា ជីវៈ ហើយសម្ដេចក៏នៅតែបន្តលើកទឹក ចិត្តនិងជំរុញឱ្យមានការចរចាដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានឆាប់ដែរ។
បើតាមទំព័រហ្វេសប៊ុករបស់សម្តេច ក្រឡា ហោម ស ខេង បានឱ្យដឹងនៅយប់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ថា ចំពោះដំណើរឈានទៅឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ ២០២២ សម្ដេចក្រឡាហោមបានគូស បញ្ជាក់ថាការបោះឆ្នោតនេះគឺជាការបោះ ឆ្នោតអាណត្តិទី៥ ស្របតាមរដ្ឋធម្មនុញ្ញនិងជាការបង្ហាញពីឆន្ទៈរាជរដ្ឋាភិបាលក្នុងការខិតខំអនុវត្តកំណែទម្រង់ដើម្បីផ្ទេរសិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិទៅថ្នាក់ ក្រោមជាតិ។ សម្ដេចបន្តថា មានគណបក្សនយោបាយ១៧ បានចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតនេះ ហើយសម្ដេចតែងមានប្រសាសន៍ជារឿយៗ និងចេញសេចក្ដីណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលការធ្វើសកម្មភាពរបស់គណ បក្សនយោបាយទាំងនោះដោយសម្ដេចក៏ស្វាគមន៍ទទួលយកព័ត៌មានពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងការងារនេះដែរ។ ដោយ ឡែកគណបក្សដែលបានលុបចេញពីបញ្ជីគណបក្សនយោបាយ សម្ដេចបានឱ្យដឹងថាច្បាប់បានបើកសិទ្ធិឱ្យប្ដឹងជំទាស់ទៅនឹងការសម្រេចលុបនោះហើយចំពោះអ្នកអនុវត្តផ្ទុយនឹងច្បាប់ ក្រសួងមហាផ្ទៃបានចាត់តាំងអនុវត្តតាមនីតិវិធី ដោយបានប្ដឹងទៅស្ថាប័នតុលាការដើម្បីចាត់វិធានការបន្តតាមច្បាប់។
ពាក់ព័ន្ធការណីមួយចំនួនដែលលោក វិទិត មុនតាប៊ន បានលើកឡើងនាឱកាសនោះដែរ សម្ដេចក្រឡាហោមបានជម្រាបជូនលោកសាស្ត្រាចារ្យថាករណីខ្លះបាននិងកំពុងស្ថិតក្រោមសមត្ថកិច្ចតុលាការ ករណីខ្លះទៀតអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តនីតិវិធីស្រាវជ្រាវ ខណៈករណីខ្លះទៀតក៏ស្ថាប័នតុលាការបានសម្រេចរួចរាល់ហើយដែរ។
ចំណែកប្រធានបទពាក់ព័ន្ធនឹងស្ថានភាពក្នុងពន្ធនាគារដែលលោកសាស្រ្តាចារ្យ ចង់ដឹងអំពីស្ថានភាពពន្ធនាគារនៅកម្ពុជានោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាចំនួនអ្នកជាប់ឃុំនៅកម្ពុជាមានប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះជាង៥០ភាគរយជាអ្នកជាប់ឃុំមានការពាក់ព័ន្ធករណីគ្រឿងញៀន។
សម្ដេចក៏ទទួលស្គាល់ថាបញ្ហាប្រឈមមួយគឺបញ្ហាចង្អៀតណែន ហើយថាក្រសួងមហាផ្ទៃកំពុងយកចិត្តទុកដាក់ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមដើម្បីដោះស្រាយបញ្ហានេះនិងកំពុងតែគិតគូការលើកលែងនូវការឃុំខ្លួនរង់ចាំនីតិវិធីតុលាការចំពោះបទល្មើសស្រាលៗមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយភាពចង្អៀតណែនបានមួយផ្នែក។
ដោយឡែកពាក់ព័ន្ធនឹងបញ្ហាជនភៀស ខ្លួន សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុញ្ញាជនភៀសខ្លួន កម្ពុជាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនចំពោះជនជាតិម៉ុងតេញ៉ាដែលឆ្លងដែនចូលកម្ពុជាដោយខិត ខំដោះស្រាយបញ្ហានេះចំពោះអ្នកស្វែងរកប្រទេសទី៣ដើម្បីជ្រកកោន។ ចំណែកអ្នកចង់ត្រឡប់ទៅវិញក្រសួងក៏បានសហការជាមួយអង្គការ UNHCR ដើម្បីជួយស្របសម្រួលការងារនេះដែរ រាប់ទាំងជនភៀស ខ្លួនដទៃទៀតដែលកំពុងមានវត្តមាននៅកម្ពុជា។
បន្ទាប់ពីបានស្ដាប់នូវប្រសាសន៍លើក ឡើងរបស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណជូនសម្ដេចសម្រាប់កិច្ចពិភាក្សាប្រកបដោយការស្ថាបនា និងការយោគយល់គ្នាទៅវិញ ទៅមក។ សម្ដេចក្រឡាហោមក៏បានថ្លែង អំណរគុណដូចគ្នា និងមានប្រសាសន៍បញ្ជាក់ថា សម្ដេចត្រៀមខ្លួនជានិច្ចសម្រាប់ការជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យនាឱកាសក្រោយៗទៀតតាមការចាំបាច់៕
ដោយ៖ សូរិយា