យុទ្ធនាការប្រកួតពានរង្វាន់ Champions League របស់ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ដោយការខកចិត្តពីការបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid នៅកីឡដ្ឋាន Old Trafford ធ្វើឲ្យក្រុមនេះនៅសល់តែការប្រជែងយកចំណាត់ថ្នាក់កំពូលទាំង៤នៃក្របខ័ណ្ឌ Premier League ដើម្បីយកកៅអីសម្រាប់រដូវកាលក្រោយតែប៉ុណ្ណោះ។
ក្រុមរបស់លោក Ralf Rangnick មិនបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនោះទេ ខណៈដែលក្រុម Atletico Madrid រកបានគ្រាប់បាល់១គ្រាប់ជាគ្រាប់ជ័យជម្នះដែលរកបានដោយកីឡាករ Renan Lodi នៅនាទីទី៤១បានបញ្ជូនក្រុមជើងឯកនៅអេស្ប៉ាញមួយនេះឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដែលសរុបទាំង២ជើងក្នុងលទ្ធផល២ទល់១។ក្រុម United បានគ្រប់គ្រងបាល់ច្រើនជាងក្រុមភ្ញៀវ ប៉ុន្តែនៅតែមិនមានឱកាសក្នុងការបំប៉ោងសំណាញ់ទីគូប្រកួត ដោយអ្នកចាំទី Jan Oblakសង្គ្រោះបាល់បាន។ អ្នកចាំទីរូបនេះបានជួយសង្គ្រោះយ៉ាងអស្ចារ្យពីការតែតបាល់បញ្ចូលទីរបស់ Raphael Varane ។លទ្ធផលនេះធ្វើឲ្យក្រុមខ្លាំងមកពីអេស្ប៉ាញ មានឱកាសឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយបន្តទៀត ខណៈដែលក្រុមបិសាចក្រហមបានបរាជ័យម្តងទៀតនៅរដូវកាលនេះ ហើយពានរង្វាន់ផ្សេងៗទៀតនៅក្នុងស្រុកក៏មិនបានអ្វីមួយដែរសម្រាប់ Man Utd។ចំណែកក្រុម Benfica បានយកឈ្នះក្រុមម្ចាស់ផ្ទះ Ajax នៅAmsterdam ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយ Champions Leagueក្រោយពីយកឈ្នះ១ទល់០ក្នុងជើងទី២នេះ។ការប្រកួតក្នុងតង់ទី១ ក្រុមទាំង២មិនមានគ្រាប់បាល់បញ្ចូលទីនោះទេ ប៉ុន្តែចូលដល់តង់ទី២ នាទីទី៧៧កីឡាករ Darwin Nunez រកបាន១គ្រាប់ជាគ្រាប់ជ័យជម្នះ បន្ទាប់ពីការប្រកួតជើងទី១បានបញ្ចប់ក្នុងលទ្ធផល ២-២ ក្នុងទីក្រុង Lisbon។ ការប្រកួតជើងទី២នេះ ក្រុមភ្ញៀវ Benfica បានគ្រប់គ្រងបាល់តិចបំផុត ដោយក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់ស្ទើរទាំងស្រុង ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន។កីឡាករក្រុម Ajax បានព្យាយាមបំបែកខ្សែការពាររបស់ក្រុម Benficaយ៉ាងរឹងមាំដែលត្រូវបានគ្រប់គ្រងយ៉ាងល្អដោយខ្សែការពារកណ្តាលជើងចាស់ Nicolas Otamendi និងអតីតកីឡាករ Ajax និង Spurs កីឡាករ Jan Vertonghen ។
នៅទីបញ្ចប់វាគឺជាការគាំទ្រយ៉ាងខ្លាំងក្នុងការធ្វើដំណើររបស់ក្រុមBenfica ខណៈដែលកីឡាកររបស់ក្រុមនេះរីករាយនឹងការអបអរសាទរនៅលើទីលាន ជាមួយនឹងក្រុមមកពីលីកកំពូលព័រទុយហ្គាល់ដែលបានឈានដល់វគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥-២០១៦ ៕ (រូបភាព ៖ BBC Sport/Reuters)