នៅរសៀល​នេះ! ក្រសួងការងារ​ អញ្ជើញតំណាងអតីតបុគ្គលិកណាហ្គាវើលដ៍ និងតំណាងនិយោជក មកចូលរួមប្រជុំដោះស្រាយដើម្បីបញ្ចប់វិវាទការងារ

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃពុធទី​១៦​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ កិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទការងារករណី ក្រុមហ៊ុនណាហ្គាវើលដ៍ លីមីតធីត នឹងធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅវេលាម៉ោង២​ និង៣០នាទីរសៀលថ្ងៃនេះ។

ក្នុងការប្រជុំដោះស្រាយនេះ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា បានកោះអញ្ជើញតំណាងអតីតបុគ្គលិកណាហ្គាវើល និងតំណាងភាគីខាងនិយោជក ដើម្បីចូលរួមប្រជុំ ក្នុងគោលបំណងខិតខំសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ចប់ករណីវិវាទ និងការតវ៉ារបស់អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍។​ នេះបេី​តាមការបញ្ជាក់ពី​លោក ហេង សួរ ។

អ្នកនាំពាក្យក្រសួងការងាររូបនេះ​ បានគូសបញ្ជាក់បន្ថែមថា៖ ការជំរុញឲ្យមានកិច្ចប្រជុំនេះក៏ស្របទៅតាមស្មារតី និងការសន្យារបស់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្កាវើលដ៍ ចំនួន៨នាក់ ដែលបានសន្យាជាមួយក្រសួងថា នឹងធ្វើជាតំណាងរបស់អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ សំដៅដោះស្រាយបញ្ចប់វិវាទការងារ និងការតវ៉ានេះស្របតាមនីតិវិធីច្បាប់ ជាពិសេសអំពីការទូទាត់សំណងបញ្ចប់កិច្ចសន្យាការងាររួម។

គួរជម្រាបថា អតីតបុគ្គលិកចំនួន៨រូប បានដាក់ពាក្យស្នើសុំទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ថ្មីៗ​នេះ​​ ឱ្យ​ជួយអន្តរាគមន៍ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD ស្របតាមច្បាប់ ហើយពួកគេបានសន្យាថា មិនធ្វើការតវ៉ាដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិទៀតឡើយ។

ក្រោយពីមានការអន្តរាគមន៍ បាតុករទាំង៨នាក់ ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយក្នុងនោះរួមមាន៖ ទី១៖ ឈ្មោះ ឈឹម ស៉ីថរ, ទី២៖ ឈ្មោះ រី សុវណ្ណឌី, ទី៣៖ ឈ្មោះ ស៊ុន ស្រីពេជ្រ, ទី៤៖ ឈ្មោះ ហៃ សុភាព, ទី៥៖ ឈ្មោះ ឃ្លាំង សុបិន្ដ, ទី៦៖ ឈ្មោះ ទូច សិរីមាស, ទី៧៖ ឈ្មោះ សុខ ណារិទ្ធ និងទី៨៖ ឈ្មោះ ឈឹម សុខន។

ជាមួយគ្នានោះ​ ក្រសួងការងារ ក៏បានអំពាវនាវដល់បាតុករទាំងអស់ដែលជាអតីតបុគ្គលិក និងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ សូមបញ្ឈប់ការប្រមូលផ្ដុំដែលបំពាននឹងបទបញ្ញត្តិពាក់ព័ន្ធជំងឺកូវីដ-១៩ ឬ ពួកគេប្រឈមនឹង ការបណេ្តញចេញដោយសន្តិវិធី ហើយប្រឈមនឹងការបាត់បង់ការទទួលបានផលប្រយោជន៍ហិរញ្ញវត្ថុផងដែរ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print