ភ្នំពេញ : នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានជួបសំណេះសំណាលជាមួយតំណាងយុវជនមកពី “ សមាគមយុវជននៃស្នាមញញឹមកម្ពុជា” ដែលដឹកនាំដោយប្អូន ឈិន ញឹម ប្រធានសមាគម ដែលសព្វថ្ងៃជាគ្រូបង្រៀននៅខេត្តតាកែវ។ ប្រវត្តិនៃការបង្កើតសមាគមនេះឡើងគឺដោយសារប្អូនៗដែលភាគច្រើនជាគ្រូបង្រៀនពេញចិត្តគាំទ្រអំពើល្អ ជាមួយនឹងការស្រឡាញ់រាប់អានខ្ញុំតាមរយៈអំពើល្អនិងស្នាមញញឹមដែលខ្ញុំតែងតែចែករំលែកផ្តល់ជូនពលរដ្ឋនៅគ្រប់ទីកន្លែង។
លោកលើកឡើងថា, ពិតប្រាកដណាស់ សមត្ថភាពចំណេះដឹងគឺមានសារៈសំខាន់ខ្លាំងណាស់ធនធានយុវជនដែលជាសរសរទ្រូងនៃប្រទេសជាតិ។ ប៉ុន្តែទន្ទឹមនឹងមានចំណេះដឹង គឺត្រូវមានបេះដូងចិត្តគំនិតប្រកបដោយគុណធម៍ សីលធម៍ សេចក្តីថ្លៃថ្នូរ និងក្តីស្រឡាញ់ប្រកបដោយភាពស្មោះត្រង់ពិតប្រាកដចំពោះពលរដ្ឋដោយគ្មានការរើសអើង ទើបធ្វើអោយសង្គមជាតិកាន់តែរីកចម្រើនរុងរឿងពិតប្រាកដដែលអាចធានាបាននូវគ្រឹះសន្តិភាពសម្រាប់កម្ពុជាយូរអង្វែង។
លោកបន្តថា, កុំរង់ចាំនរណាម្នាក់ធ្វើអំពើល្អ ប្អូនៗយុវជនជាគ្រូបង្រៀនត្រូវតែចូលរួមធ្វើ ចូលរួមបណ្តុះបណ្តាលលើកតម្កើងអំពើល្អអោយបានកាន់តែច្រើននៅតាមសាលារៀនដែលជាគ្រឹះនៃគុណធម៍សម្រាប់អនាគតទំពាំងស្នងឫស្សីប្រទេសជាតិ។
អំពើល្អគឺមិនមែនគ្រាន់តែជាទ្រឹស្តីល្អសូត្ររត់មាត់ទេ ប៉ុន្តែជាសកម្មភាពគម្រូពិតប្រាកដដែលយុវជនសព្វថ្ងៃ និងយុវជនជំនាន់ក្រោយអាចយកធ្វើជាគម្រូបានដែលផ្តល់ផ្លែផ្កាពិតប្រាកដដល់ប្រទេសជាតិ។
លោករដ្ឋលេខាធិការថ្លែងថា, ខ្ញុំក៏ដូចយុវជនខ្មែរទូទាំងប្រទេស សូមគោរពអរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានបង្កើតសន្តិភាពដល់កម្ពុជាដែលនាំមកនូវការរីកចម្រើន និងឱកាសជាច្រើនសម្រាប់យុវជន។
អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕