ភ្នំពេញ៖ មន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើរាជធានីភ្នំពេញបានចុះបង្រ្កាបរថយន្តធុនទេសចរណ៍មួយគ្រឿងដែលឈ្មួញលួចដឹកឈើប្រណីតចេញពីខេត្តកំពង់ធំយកមកលក់ឱ្យដេប៉ូឈើមួយកន្លែងស្ថិតនៅម្តុំច្រាំងបាក់ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
បេីតាមការបញ្ជាក់ពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានឱ្យដឹងថា៖ ឈ្មួញបានដឹកឈើប្រភេទសុក្រំចំនួន ១៦កំណាត់ ប្រហែល២ម៉ែត្រគូប តាមរយៈរថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-5148 ដែលធ្វើដំណើរចេញពីខេត្តកំពង់ធំដោយគ្មានលិខិតអនុញ្ញាតពី
រដ្ឋបាលព្រៃឈើ ឆ្ពោះមកទម្លាក់នៅដេប៉ូឈើលេខ២៥ ផ្លូវលេខ៣៦៩(ច្រាំងបាក់) សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក៏ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្ទាក់ឃាត់សាកសួរតែម្តង។ ប៉ុន្តែភ្លាមៗនោះ អ្នកបើកបររថយន្តឃេីញដូចនេះក៏បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្ត និងឈើប្រភេទលេខ១នៅនឹងកន្លែងកើតហេតុ។
ក្រោយប្រតិបត្តិការចប់ រថយន្តដែលជាមធ្យោបាយដឹកជញ្ជូននិងឈើប្រណីត ត្រូវមន្រ្តីជំនាញដឹកបញ្ជូនទៅកាន់ទីតាំងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត៕
ដោយ៖សហការី