កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ បានចាប់ផ្តើមហើយ តាមទម្រង់ចូលរួមផ្ទាល់ នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ (ACDFM-19) បានចាប់ផ្តើមហើយ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ តាមទម្រង់ចូលរួមផ្ទាល់ នៅរាជធានីភ្នំពេញ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងនាមជាប្រធានកិច្ចប្រជុំ បានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានបណ្តាប្រតិភូអញ្ជើញចូលរួម ដោយបញ្ជាក់ថា នេះជាលើកដំបូងដែលកងទ័ពអាស៊ានអាចជួបប្រជុំផ្ទាល់ជាមួយគ្នា បន្ទាប់ពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបានធូរស្រាល។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា សម្រាប់កិច្ចប្រជុំឆ្នាំនេះ កងយោធពលខេមរភូមិន្ទ បានជ្រើសរើសយកមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម» ដែលគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទី និងកិច្ចខិតខំប្រឹងប្រែងផ្នែកយោធា ប្រកបដោយស្មារតីសុឆន្ទៈ ក្រោមគោលការណ៍មជ្ឈភាពអាស៊ាន និងដឹកនាំដោយអាស៊ាន ដើម្បីដោះស្រាយបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ពិសេសជំងឺឆ្លងកូវីដ-១៩ ព្រមទាំងប្រុងប្រៀបខ្លួនជាស្រេចសម្រាប់បញ្ហាប្រឈមនានាក្នុងពេលអនាគត ដោយសម្រេចឲ្យបាននូវសន្តិភាព ស្ថិរភាព ភាពសុខដុមតំបន់ និងផលប្រយោជន៍រួម តាមរយៈកិច្ចសហប្រតិបត្តិការ និងយន្តការនានាដែលអាចទទួលយកបានពីគ្រប់ភាគី ។

នាយឧត្តមសេនីយ៍ បានផ្តល់ក្តីសង្ឃឹមថា តាមរយៈកិច្ចប្រជុំថ្ងៃនេះ កងទ័ពអាស៊ាននឹងបន្តពិភាក្សាផ្លាស់ប្ដូរទស្សន: ការចែករំលែកព័ត៌មាន និងគំនិតផ្តួចផ្តើមថ្មីៗក្នុងលក្ខណៈបើកចំហ មិត្តភាព ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាព លទ្ធផលផ្លែផ្កា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការរួបរួមស្អិតរមួតនៅតំបន់អាស៊ីអាគ្នេយ៍៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print