សម្តេចតេជោ ហ៊ុន សែន : ប្រទេសកម្ពុជាក្រពិតតែសម្រេចការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានជាង៩២ភាគរយ

ចែករំលែក៖

ខេត្តព្រៃវែង : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាក្រពិតតែសម្រេចការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានជាង៩២ភាគរយ ចំពោះពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើយទៅ ហើយកុមារអាយុចាប់ពី៣ឆ្នាំឡើងបាន ជាង៥០ភាគរយ ដែលតួលេខនេះប្រសើជាងប្រទេសដែលបានមើលកម្ពុជាថាជាប្រទេសខ្សោយផ្នែកសុខាភិបាល។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ករណីឆ្លងនៅលើពិភពលោកយើងនេះជាង៩៥ភាគរយជាកូវីដ-១៩បំប្លែងខ្លួនថ្មីអូមីក្រុង ទោះជាករណីឆ្លងច្រើនក៏ពិតមែន តែអត្រាឈឺ និងករណីស្លាប់ដោយកូវីដ-១៩មានការថយចុះយ៉ាងខ្លាំង ហើយមានប្រទេសមួយចំនួននៅអឺរ៉ុបចាត់ទុកជារឿងសធម្មតាទៅហើយ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីបន្តធ្វើនាយករដ្ឋមន្ត្រីរហូតដល់សម្តេចលែងចង់ធ្វើ ”ចង់នរណាថាអី ក៏ថាទៅ”។ សម្តេចបញ្ជាក់ថា កម្ពុជាត្រូវតែបន្តនូវសុខសន្តិភាព ដែលនាំមកនូការអភិវឌ្ឍលើគ្រប់វិស័យ ផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំប្រទេស ជាពិសេសកុមារកម្ពុជា ដោយមិនត្រូវអោយពួកគេរងគ្រោះដូចអតីតកាលនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដោយអួលដើមក ចំពោះករណីរំលោភបំពានលើកុមារ ក្នុងនោះរួមមាន ករណីរំលោភបំពានផ្លូវភេទគ្រប់ទម្រង់ ដែលជាសកម្មភាពអន់ជាងសត្វតិរច្ឆានដល់កុមាររបស់យើង ដែលទាមទារអោយយើងយកចិត្តទុកដាក់ខ្ពស់បំផុត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះកម្ពុជាមានការលំបាកពីអតីតក៏ដោយ តែកម្ពុជាទៅតែបន្តប្រឹងបន្តដើម្បីជួយដល់កុមារ ដោយយើងមិនទុកអោយកុមារណាម្នាក់ស្លាប់ដោយយើងមិនដឹង និងមិនបានយកចិត្តទុកដាក់នោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវកុំអោយមានការភាន់ច្រលំលើការលើកពេលប្រជុំកំពូលអាស៊ាន អាមេរិក នៅសហរដ្ឋអាមេរិក ដោយសម្តេចបញ្ជាក់អំពាវនាវកុំអោយមានការអត្ថាធិប្បាយហួស ខុសការពិតពីរបៀបធ្វើការរបស់អាស៊ាន។
សម្តេចបញ្ជាក់ថា សម្តេចក៏មិនដឹងថាកិច្ចប្រជុំកំពូលអាស៊ាន អាមេរិក លើទឹកដីអាមេរិក កើតឡើងនៅពេលណាដែរ គឺវាអាស្រ័យលើការសម្របសម្រួលរបស់ឥណ្ឌូនេស៊ីលើបញ្ហានេះ។ សម្តេចបញ្ជាក់ថា ការធ្វើអត្ថាធិប្បាយអ្វីមួយ ត្រូវស្វែងយល់ការពិត ឬភាពពិត​ នៃបញ្ហាទាំងនោះ អោយបានច្បាស់ កុំអោយគេរិះគន់ថា ជាបណ្ឌិតឡប់​ ឬអាល្ងង់ទូ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជាណាម្នាក់ទៅធ្វើទាហានជួយច្បាំងអ៊ុយក្រែននោះទេ ដែលសកម្មភាពទាំងនេះ មិនខុសពីការយកសាំងទៅចាក់លើភ្លើងនោះទេ តែបើជនជាតិអ៊ុយក្រែនណាម្នាក់សុំជ្រកកោននៅកម្ពុជា ដើម្បីគេចពីសង្គ្រាមនៅប្រទេសរបស់ខ្លួន កម្ពុជារីករាយស្វាគមន៍។
ប្រសាសន៍សំខាន់ៗខាងលើ ខណៈសម្តេចតេជោ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ក្នុងខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះ។
សូមបញ្ជាក់ថា, «ភូមិកុមារ SOS ព្រៃវែង» ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ «ភូមិកុមារ SOS ព្រៃវែង» សាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា ជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ «ភូមិកុមារ SOS ព្រៃវែង» ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ដោយចំណាយថវិកាសរុប ១,៥៣១,២៤៨ដុល្លារអាមេរិក។

«ភូមិកុមារ SOS ព្រៃវែង» មានអគារសរុបចំនួន ៩ខ្នង រួមមាន៖ អគារការិយាល័យ និងសាលសិល្បៈ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះគ្រួសារ ៤ខ្នង កម្ពស់ ២ជាន់, អគារផ្ទះនាយកភូមិ និងផ្ទះបុគ្គលិក ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះសហគមន៍ និងផ្ទះភ្ញៀវ ១ខ្នង កម្ពស់ ២ជាន់, អគារផ្ទះអាហារូបត្ថម្ភ ១ខ្នង កម្ពស់ ២ជាន់ និងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ១ខ្នង។

«ភូមិកុមារ SOS ព្រៃវែង» បានចាប់ផ្តើមបើកឱ្យកុមារចូលស្នាក់នៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ បច្ចុប្បន្នមានកុមារកំពុងស្នាក់នៅ ២៧នាក់ ក្រោមការថែទាំរបស់អ្នកម្តាយ៥នាក់ និងបុគ្គលិក ១០នាក់។ «ភូមិកុមារ SOS ព្រៃវែង» ជាភូមិមួយរបស់អង្គការ «ភូមិកុមារ SOS កម្ពុជា» ដែលបាននិងកំពុងចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ដែលត្រូវបានបោះបង់ចោល និងកុមារដែលមិនមានការថែទាំសមរម្យ។

អង្គការ «ភូមិកុមារ SOS អន្តរជាតិ» បានចាប់ផ្តើមធ្វើការជាមួយកម្ពុជាកាលពីឆ្នាំ១៩៩៩។ ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ អង្គការភូមិកុមារ SOS បានកសាងភូមិកុមារនៅកម្ពុជាចំនួន ៧កន្លែង នៅតាមបណ្តារាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត និងខេត្តព្រៃវែង។ ក្រៅតែពីកសាងភូមិកុមារ ដើម្បីផ្តល់ការស្នាក់នៅ និងផ្តល់ការថែទាំសម្រាប់រយៈពេលវែងហើយនោះ អង្គការមនុស្សធម៌មួយនេះ ក៏បានអនុវត្តគម្រោងមួយចំនួនទៀតមានដូចជា៖ កម្មវិធីពង្រឹងគ្រួសារតាមសហគមន៍, ការបង្កើតផ្ទះសម្រាប់យុវជន, ការបង្កើតមត្តេយ្យសាលា និងសាលារៀន ហ័រម៉ាន ម៉ៃន័រ, ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ និងមជ្ឈមណ្ឌលសង្គមកិច្ច៕

...


ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print