ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ ប្រុសស្រី ចំនួន ៣៣ នាក់ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ខេត្តកំពង់ស្ពឺ និងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច សហការជាមួយ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តព្រះសីហនុ ដោយមានការសម្របសម្រួល ពីលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជាក់ស្ដែង។
មន្ត្រីកងរាជអាវុធមូលដ្ឋានស្រុកភ្នំស្រួច បានឱ្យដឹងថា៖ ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុច ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន ៣៣ នាក់ ក្នុងនោះស្រីម្នាក់ ពាក់ព័ន្ធការចែកចាយគ្រឿងញៀន និងប្រើប្រាស់ ព្រមទាំងបាន ដកហូតវត្ថុតាង រួមមាន ១.ម្សៅសក្រាម ចំនួន៦៨កញ្ចប់ និងថ្នាំគ្រាប់ ពណ៌ក្រហម ចំនួន១០គ្រាប់ (មិនទាន់ថ្លឹង) , ២.ដបជក់ថ្នាំចំនួន៤, ខ្សៀជក់ចំនួន៥, ថង់ច្រកថ្នាំមួយចំនួន , ៣.អាវុធខ្លី១ដើម ម៉ាក កា៥៩ លេខ៣៧២៧ គ្រាប់ចំនួន៦គ្រាប់ បង់គ្រាប់១ , ៤.ម៉ូតូចំនួន ១០គ្រឿង , ទូរស័ព្ទ ១៣ គ្រឿង , ៥-power bank១ . កន្ត្រៃ៣ , ដាវ១ ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមនិងវត្ថុតាង ត្រូវបានប្រគល់ទៅឱ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕
ដោយ៖សហការី