ខេត្តបន្ទាយមានជ័យ÷ លោកឧត្តម សេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២២ របស់កងពលតូចថ្មើរជើងលេខ៥១។
អញ្ជើញចូលរួមអមដំណើរមាន លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងប្រតិភូអមដំណើរ បណ្ដាការិយាល័យ អង្គភាពព្រមទាំងភ្ញៀវកិត្តិយស។
ក្នុងឱកាសបូកសរុប លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូនជាពិសេសគឺការទប់ស្កាត់ពលករដែលឆ្លងដែនខុសច្បាប់ តាមបណ្ដាភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ មិនតែប៉ុណ្ណោះកងពលបានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ រហូតមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ។ បើទោះបីជាកងកម្លាំងស្ថិតក្នុងបេសកកម្ម ប្រតិបត្តិការការពារទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវក្នុងខេត្តបន្ទាយមានជ័យក៏ដោយ ក៏កម្លាំងខាងក្រោយនៅក្នុងអង្គភាព នៅតែបន្តអនុវត្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ហើយប្រមូលផលបន្លែគ្រប់ប្រភេទនិងសាច់ ដើម្បីផ្គត់ផ្គង់ឲ្យដល់កម្លាំងអន្តរាគមន៍ជួរមុខ ធានាបាននូវសុវត្ថិភាពចំណីអាហារ សុខមាលភាពកងទ័ព ក្នុងបេសកកម្មល្បាតទាំងយប់ ទាំងថ្ងៃ តាមផែនការនិងបទបញ្ជារបស់ថ្នាក់លើ។
លោកឧត្តមសេនីយ៍ទោ ក៏បានធ្វើការផ្តាំផ្ញើកងទ័ពក្នុងកងពលតូចថ្មើរជើងលេខ៥១ ឱ្យបង្កើនការផ្សព្វផ្សាយ និងអនុវត្តឲ្យបានជាដាច់ខាតនូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការរបស់សម្ដេចតេជោ ៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ កុំឱ្យមានការឆ្លងរាលដាលចូលក្នុងសហគមន៍ក៏ដូចជាភូមិសាស្រ្តដែលខ្លួនទទួលខុសត្រូវ។ សូមអោយគ្រប់អង្គភាពគ្រប់គ្រងកម្លាំងអោយបានល្អ ដើម្បីដោះស្រាយបញ្ហាក្នុងយថាហេតុណាមួយកើតឡើង។
ជាចុងបញ្ចប់លោក ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអញ្ជើញ ជូនប័ណ្ណសរសើរ លិខិតសរសើរ រង្វាន់ ជូនដល់នាយ ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ១ឆ្នាំកន្លងទៅ និងប្រគល់អំណោយរបស់ក្រសួងការពារជាតិ ជូនដល់បណ្តាកងឯកភាព និងបានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០រៀលផងដែរ៕