មានប្រសាសន៍នៅក្នុងពិធីប្រគំតន្ត្រីក្នុងឱកាសខួបគម្រប់៨ឆ្នាំ ថ្ងៃដាក់បញ្ជូលតំបន់គ្រីមៀរស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ប្រធានាធិបតីពូទីនបានប្រកាសទៅកាន់ពលរដ្ឋរាប់សិនពាន់នាក់ ថា រុស្ស៊ីនឹងយកឈ្នះនៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីពូទីន បានបញ្ជាក់ថា «យើងដឹងថា ត្រូវការធ្វើអ្វី ត្រូវធ្វើរបៀបណា និងតម្លៃណា ហើយយើងនឹងសម្រេចរាល់គោលដៅដែលបានកំណត់ទុក»។ លោកពូទីនបានបញ្ជាក់ថា ទាហានដែលកំពុងតែធ្វើសង្គ្រាមនៅអ៊ុយក្រែន គឺមានបំណងចង់ឯកភាពជាតិរុស្ស៊ី។ នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកប្រធានាធិបតីបារាំង អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយសង្កត់ធ្ងន់ថាទីក្រុងម៉ូស្គូកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែល អាចធ្វើទៅបាន ដើម្បីបញ្ចៀសកុំឱ្យជនស៊ីវិលស្លាប់នៅអ៊ុយក្រែន។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានក្រឹមឡាំង បានបញ្ជាក់ដូច្នេះថា «ចំណាប់អារម្មណ៍ ត្រូវបានគេទាញចេញពីឧក្រិដ្ឋកម្មសង្រ្គាមជាច្រើន ដែលប្រព្រឹត្តឡើងដោយកងកម្លាំងសន្តិសុខអ៊ុយក្រែន…ជាពិសេសគឺការបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងវាយប្រហារលើទីក្រុងជាច្រើន នៃតំបន់ដុនបាស់ (Donbas)»។ វិមានក្រឹមឡាំង បានឱ្យដឹងទៀតថានៅក្នុងកិច្ចសន្ទនានោះដែរ លោក ពូទីន បានប្រាប់លោក ម៉ាក្រុងថា កងទ័ពរុស្ស៊ីកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ក្នុងការការពារអាយុជីវិតជនស៊ីវិល ក្នុងនោះរួមមានទាំងការបង្កើតច្រកមនុស្សធម៌ ជម្លៀសជនស៊ីវិលចេញពីតំបន់ជម្លោះជាដើម»។ លោក ពូទីន និងលោក ម៉ាក្រុង ក៏បានពិភាក្សាគ្នាដែរពីកិច្ចចរចាសន្តិសុខភាពដែលកំពុងដំណើរការរវាងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ លោក ម៉ាក្រុង នៅកិច្ចសន្ទនាចាយពេល ១ម៉ោង ១០នាទី បានបង្ហាញក្ដីកង្វល់យ៉ាងខ្លាំងចំពោះជោគវាសនានៃទីក្រុងម៉ារីយូប៉ូល (Mariupol) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលកំពុងរងការវាយប្រហារយ៉ាងសន្ធាប់ពីសំណាក់ កងទ័ពរុស្ស៊ី៕ដោយ៖សាធី
រូបថត៖ngaynay.vn