ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.សក.ក) បានលើកឡើងពី (មហាអំណាច, ឧក្រិដ្ឋកម្មសង្គ្រាម, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC និងភាពគ្មានទោស) លើ facebook ផ្លូវការលោកថា, «មហាអំណាច, ឧក្រិដ្ឋកម្មសង្គ្រាម, តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC និងភាពគ្មានទោស» ។ ដោយលោកបញ្ជាក់ដូចខាងក្រោម:
១- ខ្ញុំសូមសាកល្បងទាញទល្ហីកតាមការយល់ដឹងខ្លះៗអំពី «សណ្តាប់ធ្នាប់ពិភពលោក – World Order» ស្របពេលមានអ្នកនយោបាយលោកខាងលិច និងក្រុមបន្ទរ បានធ្វើយុទ្ធនាការថ្កោលទោស រុស្ស៊ី ចំពោះសង្គ្រាមនៅ អ៊ុយក្រែន ហើយទាមទារឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បើកការស៊ើបអង្កេត ដើម្បីនាំខ្លួនលោក ពូទីន យកទៅកាត់ទោស។
២- តើអាចកាត់ទោសលោក ពូទីន បានទេ? ចម្លើយខ្លីគឺ «មិនអាចទេ» ដោយយោងទាំងលើ «ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពនយោបាយ»។ សូម្បីតែមេដឹកនាំអាមេរិកមួយចំនួន ដែលកន្លងមកបានធ្វើសង្គ្រាមឈ្លានពាន ទម្លាក់គ្រាប់បែក សម្លាប់ជនស៊ីវិល និងសម្លាប់មេដឹកនាំប្រទេសនានានៅមជ្ឈិមបូព៌ាដូចជា៖ អឺរ៉ាក់, អាហ្គានីស្ថាន, ស៊ីរី, លីប៊ី ប៉ុន្តែ ពួកគេបានរួចផុតពីការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅតុលាការ ICC ដែរ។ ដូចគ្នា នៅក្នុងសង្គ្រាម អាមេរិក-វៀតណាម, តើមាននរណាទទួលខុសត្រូវ ចំពោះការសម្លាប់មនុស្សដោយការទម្លាក់គ្រាប់? កម្ពុជា ក៏ធ្លាប់រងគ្រោះដោយសារសង្គ្រាម នៅគ្រានោះដែរ។ បើដូច្នេះ តើមានហេតុផលអ្វី ដែលលោកខាងលិចមាត់គេកំពុងប្រឡាក់ឈាម ហើយបែជាស្រែកទាមទារយុត្តិធម៌ ចំពោះបញ្ហានៅ អ៊ុយក្រែន? នេះគឺជាការសម្តែងសុទ្ធសាធ។
៣- គេគប្បីយល់ដែរថា ទាំង សហរដ្ឋអាមេរិក និង រុស្ស៊ី គឺមិនទទួលស្គាល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នោះទេ។ មហាអំណាច មិនត្រឹមមិនគោរពច្បាប់អន្តរជាតិ គឺថែមទាំងមិនចុះសន្ធិសញ្ញានានាជាច្រើនទៀតផងដែរ ពីព្រោះ ពួកគេចង់គេចវេសកាតព្វកិច្ចអន្តរជាតិ។ អាមេរិក មិនគោរពច្បាប់សមុទ្ទទេ ជាពិសេសករណី«បំពុលសមុទ្ទដោយកងម៉ារីន» ពីព្រោះកងទ័ពអាមេរិកនៅពាសពេញសមុទ្ទ។ បើគេគោរពច្បាប់នេះ ស្មើនឹងដាក់ទណ្ឌកម្មខ្លួនឯង។ រឿងជាច្រើនទៀតរបស់ពិភពលោក គឺវាអយុត្តិធម៌បែបនេះ ហើយដែលគេតែងនិយាយថា «ត្រីធំ ស៊ីត្រីតូច»។ ដូច្នេះ តាមន័យច្បាប់ តុលាការ ICC ទោះបីស្ថិតនៅក្រោមឆ័ត្រ UN ក៏ប៉ុន្តែ គ្មានយុត្តាធិការ គ្មានអំណាច ក្នុងការនាំ អាមេរិក ឬ រុស្ស៊ី យកទៅកាត់ទោសបានទេ។ នេះគឺជាទល្ហីករផ្លូវច្បាប់ដែលអនុវត្តតែលើប្រទេសតូចៗ តែមិនអាចអនុវត្តបានចំពោះប្រទេសធំ។ កន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់និយាយថា បើអគ្គព្រះរាជអជ្ញាតុលាការនេះ ស៊ើបអង្កេត អាមេរិក គាត់នឹងបញ្ជាឱ្យចាប់ខ្លួនព្រះរាជអជ្ញានោះ។
៤- គេត្រូវមើលឃើញថា សង្គ្រាមកន្លងមក គឺពួកមហាអំណាច មិនដែលស្តាប់យោបល់ក្រុមប្រឹក្សាសន្តិសុខ UN ទេ។ គេសុំការគាំទ្រត្រឹម សភា របស់គេ ហើយបើកសង្គ្រាមតែម្តង ដែលបញ្ជាក់ថា «ពិភពលោកគ្មានសណ្តាប់ធ្នាប់» ទេ។ យើងគ្មានភាពចាំបាច់ក្នុងនិយាយចំអកខាងណា ហើយគាំទ្រខាងណាមួយនោះទេ។ គេក៏ត្រូវយល់ដឹងថា អាមេរិក មានផលប្រយោជន៍ ក្នុងការធ្វើសង្គ្រាម ហើយ រុស្ស៊ី ក៏មានគម្ពីរធ្វើសង្គ្រាមដែរ។ អ៊ុយក្រែន នឹងក្លាយជាផេះ។
៥- ពិភពលោក ជាពិសេសប្រទេសតូចៗ នឹងនៅតែបន្តរងគ្រោះ ក្នុងស្ថានភាពដែលពិភពលោកនៅតែបន្តគ្មានសណ្តាប់ធ្នាប់បែបនេះ។ តាមប្រវត្តិសាស្ត្រ នៅក្រោយសង្គ្រាមលោកលើកទី១ ពិភពលោកបាននាំគ្នាបង្កើត «សម្ព័ន្ធប្រជាជាតិ League of Nations»។ ៥ឆ្នាំក្រោយមក អង្គការអន្តរជាតិ១នេះបានដួលរលំ។ សង្គ្រាមលោកលើកទី២ផ្ទុះឡើង។ ជាថ្មីម្តងទៀត ពិភពលោករួមគ្នា បង្កើត «អង្គការសហប្រជាជាតិ – UN» ដើម្បីដោះស្រាយសណ្តាប់ធ្នាប់ពិភពលោក។ សង្គ្រាមត្រជាក់ បានកើតឡើង ហើយបន្តដោយសង្គ្រាមភូមិសាស្ត្រនយោបាយ រហូតមកដល់បញ្ហាស្មុគស្មាញបច្ចុប្បន្ន។ UN ក៏ដូចជាគ្មានឥទ្ធិពលលើមហាអំណាច ហើយបានត្រឹមជាអ្នករក្សាសន្តិភាពនៅប្រទេសតូចៗ ដែលត្រូវបានឆេះខ្លោចដោយសង្គ្រាមរួចហើយ តែប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលយើងត្រូវមើលឃើញឱ្យច្បាស់សព្វថ្ងៃគឺ៖ «មហាអំណាច អត់គោរពច្បាប់», «មហាអំណាចធ្វើសង្គ្រាមសម្លាប់មនុស្ស តែគ្មានទោស»។ ពិភពលោក ជាពិសេសប្រទេសតូចៗ ទាំងនៅទ្វីបអាស៊ី, អាហ្វ្រីច, អឺរ៉ុប ក៏ដោយ បើពិភពលោកនៅតែគ្មានសណ្តាប់ធ្នាប់ មិនគោរពច្បាប់អន្តរជាតិ នោះប្រទេសអ្នកនៅថ្ងៃណាមួយ ក៏នឹងទទួលរងភាពខ្លោចផ្សារ អយុត្តិធម៌ ជាបន្តគ្នា ដូចករណីប្រជាជន អឺរ៉ាក់, ស៊ីរី, លីប៊ី, អាហ្គានីស្តាន និង អ៊ុយក្រែន ហើយមេឃាតករមាត់ប្រឡាក់ឈាមនៅតែបន្តសម្តែងខ្លួនធ្វើជាគ្រូបង្រៀនប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងសាលាឈាមនិងទឹកភ្នែករបស់ប្រទេសតូចៗ។ ប្រហែលជា «យើងមានភាពចាំបាច់ខិតខំបន្តថែទាំផ្ទះសន្តិភាពរបស់យើង ឱ្យមានភាពសុខសាន្តយូរអង្វែង ប្រសើរជាងដាក់ការរំពឹងទុកដោយតឹងទ្រូងថាតើ ពិភពលោកនឹងយុត្តិធម៌បែបណា?»៕