ខេត្តព្រះសីហនុ៖ អគារសិក្សាមួយខ្នង ដែលកំពុងដំណើរការសាងសង់ មានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុង មានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង១០បន្ទប់ សរុបមាន៣០បន្ទប់ ចំណាយថវិកា ៦២ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នាឱកាសនោះ លោកអភិបាលខេត្ត បានជម្រុញឱ្យក្រុមហ៊ុនទទួលការត្រូវពន្លឿនការសាងសង់ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀននៅបវេសនកាលឆ្នាំសិក្សាថ្មីនាពេលខាងមុខនេះ! ។
ជាមួយគ្នានោះ លោក គួច ចំរើន អភិបាល បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រឡាច ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕
ដោយ៖ស តារា