ភ្នំពេញ ៖ ម្សិលមិញគឺជាព្រឹត្តិការណ៍សំខាន់ថ្មីមួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអូឌីត ខណៈដែលខ្ញុំបានស្វាគមន៍ ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ មកកាន់ប្រទេសកម្ពុជា ហើយនេះក៏ជាដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតលើកដំបូងក្នុងប្រវត្តិសាស្រ្តផងដែរ។ នេះជាការថ្លែងរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ លើផេកផ្លូវការរបស់លោកផ្ទាល់។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, យើងមានប្រធានបទច្រើនត្រូវពិភាក្សាក្នុងជំនួបរយៈពេលខ្លីនេះ ដែលយើងដឹងច្បាស់ណាស់ថាប្រទេសទាំងពីរមានសក្តានុពលខ្ពស់ក្នុងការទាញយកផលប្រយោជន៍ទៅវិញទៅមកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើគ្រប់វិស័យ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា, ខណៈដែលយើងរំពឹងទុកថាមិត្តភាពរវាងប្រទេសទាំងពីរនឹងកាន់តែបន្តរីកលូតលាស់ ខ្ញុំបានទទួលយកការអញ្ជើញរបស់ ព្រះអង្គម្ចាស់ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប៊ីសាអូឌីតនាពេលខាងមុខនេះ ៕