មន្រ្តីគយ ខណៈ​ចុះបង្ក្រាបត្រួតពិនិត្យរថយន្ដអត់ពន្ធ នៅខេត្តព្រៃវែង​ ស្រាប់​តែ​រកឃើញគ្រឿងញៀនជាង២០គីឡូក្រាម

ចែករំលែក៖

ខេត្ត​ព្រៃវែង៖ មន្រ្តីគយ ខណៈ​ចុះបង្ក្រាបត្រួតពិនិត្យរថយន្ដអត់ពន្ធ នៅខេត្តព្រៃវែង​ ស្រាប់​តែ​រកឃើញគ្រឿងញៀនជាង២០គីឡូក្រាម នៅក្នុងរថយន្តមួយគ្រឿងម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាស្លាកលេខក្លែងក្លាយ​ រួមនិង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ផង​ដែរ​។

នេះបេីយោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា​ បានឱ្យដឹងថា៖​ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រោមការដឹកនាំរបស់លោក អគ្គនាយករង កើត សុទ្ធារ៉ា លើចំណាត់ការចំពោះរថយន្តគ្មានពន្ធ ស្ថិត​នៅភូមិឡឹក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង, មន្ត្រីគយ និងរដ្ឋាករការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានធ្វើការត្រួតពិនិត្យអនុលោមភាពពន្ធនាំចូលរថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AE-4537 ដែលជាផ្លាកលេខក្លែងក្លាយ។

ក្នុង​ប្រតិបត្តិការ​នោះ​ ខណៈ​ដែល​មន្រ្តី​ជំនាញ​ត្រួតពិនិត្យក្នុងរថយន្ត ខាង​លើ​នេះ​ ស្រាប់​តែ​រកឃើញនូវម្សៅក្រាម និងថ្នាំគ្រាប់មួយចំនួន។ ដោយសង្ស័យអាច ជាសារធាតុញៀន មន្ត្រីគយ និងរដ្ឋាករបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងចាប់យករថយន្ត និងសារធាតុសង្ស័យ បញ្ជូនមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីធ្វើតេស្ត និងបន្តនីតិវិធី។

ក្នុង​ប្រតិបត្តិការ​ខាងលេីនេះ​ ក៏មានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មន្ត្រីគយនិងរដ្ឋាករ សហការជាមួយមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើតេស្តបឋមលើសារធាតុសង្ស័យ ឃើញលទ្ធផលថាជាសារធាតុញៀនខុសច្បាប់ចំនួន ៣ប្រភេទ មានទម្ងន់សរុប២០,៧៥២.៤ក្រាម ក្នុងនោះ ប្រភេទ MDMA ១៥,៧៤២ក្រាម, ប្រភេទកេតាមីន៤,៩៩៦ក្រាម, និងមេតំហ្វេតាមីន១៤.៤ក្រាម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង​ ត្រូវ​បាន​ប្រគល់ឱ្យនគរបាល​នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់តាមនីតិវិធីបន្ត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print