ភ្នំពេញ : សពលោក TAKATA HARUYUKI អតីតអធិការប៉ូលីសអ៊ុនតាក់ ដែលមានទីតាំងស្ថិតនៅ វត្តតាំងកសាង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
នៅរសៀលថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២២ លោក គីស៊ីដា ហ្វូមីអុនាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញទៅកាន់ចេតិយ ដើម្បីគោរពវិញ្ញាណក្ខន្ធ ។
ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា៖ លោកTAKATA HARUYUKI កើតនៅថ្ងទី ២៧ ខែ ធ្នូ ឆ្នាំ ១៩៥៩ នៅឃុំ មិស៊ុស៊ីម៉ាមិណាអិវ៉ាយចូ ក្រុងគុវ៉ាស៊ិគិ ខេត្ត អុកាយ៉ាម៉ា នៃប្រទេសជប៉ុន។
សូមបញ្ជាក់ថា, ទោះបី៣០ឆ្នាំបានកន្លងផុតទៅហើយក្តី ប្រទេសកម្ពុជាមានការអភិវឌ្ឍន៌ រីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែរាជរដ្ឋាភិបាល កងទ័ព និង ប្រជាជនកម្ពុជា នៅតែចងចាំ និង ដឹងគុណជានិច្ច ចំពោះការចូលរូមរបស់កងរក្សាសន្តិភាព នៃ កងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង។ អ្វីដែរប្រទេសកម្ពុជាកាន់តែចងចាំមិនអាចបំភ្លេចបានទៀតនោះគឺការពលីជីវិតមន្រ្តី០២រូបនៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ អ៊ុន តាក់ នោះគឺលោក NAKATA ATSUHITO មន្រ្តីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីនៅថ្ងៃទី៨ ខែ មេសា ឆ្នាំ១៩៩៣ នៅខេត្ត កំពង់ធំ និង លោក TAKATA HARUYUKI មន្រ្តីនគរបាលត្រូវបានបញ្ជូនមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងសកម្មភាពរបស់អ៊ុនតាក់ នៅខែតុលា ឆ្នាំ 1992 ក្នុងឋានៈជានគរបាលស៊ីវិលជាលើកដំបូងបង្អស់ពីប្រទេសជប៉ុន ហើយបានបូជាជីវិតនៅពេលកំពុងបំពេញបេសសកម្មរបស់ខ្លួន ក្រោយពីមានការវាយប្រហារមកលើក្បួនរថយន្តអ៊ុនតាក់ នៅថ្ងៃទី៤ ខែ ឧសភា ឆ្នាំ ១៩៩៣ នៅខេត្តបន្ទាយមានជ័យ (បច្ចុប្បន្នខេត្តឧត្តរមានជ័យ)ដែលឋិតនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជា ។
សូមជម្រាបថា, ទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន ធ្វើឡើងនៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
អំឡុងទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។
នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។ ដោយឡែក កាលពីកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង ក៏ត្រូវបានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចពិសេសបំផុត ដោយជប៉ុនបានយកយន្តហោះពិសេសមកដឹកលោកបណ្ឌិត ហ៊ុន ម៉ាណែត និងគណៈប្រតិភូដោយផ្ទាល់ថែមទៀតផង ៕
ដោយ : សិលា