ភ្នំពេញ : លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដមសីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រកម្ពុជា ស្របពេលអំឡុងបំពេញទស្សនកិច្ចផ្លូវការ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ។ បន្ទាប់ពី លោកនាយករដ្ឋមន្រ្តីជប៉ុន អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ លោក Atsuhiti Nakata ជាមន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីជីវិតក្នុងបេសកកម្មអ៊ុនតាក់ នៅកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ។
សូមបញ្ជាក់ថា, នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង២៖៤៥នាទី រសៀល ថ្ងៃទី២០ ខែមីនានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ភ្លាមៗបន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកបានឆ្លៀតទៅទស្សនាចេតិយ៍ និងគោរពវិញ្ញាណក្ខន្ធ លោក Haruyuki Takata នៅវត្តតាំងក្រសាំង។ លោក Haruyuki Takata ជនមន្រ្តីជប៉ុនម្នាក់ក្នុងចំណោម២នាក់ ដែលបានពលីជីវិតនៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ «អ៊ុនតាក់» នៅកម្ពុជា កាលពី៣០ឆ្នាំមុន។
សូមបញ្ជាក់ថា, តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តី គីស៊ីដា ហ្វូមីអូ នឹង មានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរ រួមមានក្នុងវិស័យពាណិជ្ជកម្មនិងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្ដីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផល ប្រយោជន៍ និងក្ដីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើ សន្និសីទកាសែតរួមគ្នា។ សេចក្ដីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ច ប្រជុំ។
ក្នុងអំឡុងពេលទស្សនកិច្ច លោក គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងនៅមណ្ឌបព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ លោកនាយករដ្ឋមន្តី ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធនៅមណ្ឌបរបស់អតីតមន្ត្រីជប៉ុនចំនួន២រូប ដែលបានពលីជីវិត នៅក្នុងបេសកកម្មការងាររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក គីស៊ីដា ហ្វូមីអូនៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ ទំនាក់ទំនងល្អប្រពៃដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកន ប្រទេសទាំងពីរ៕
ដោយ : សុខ ខេមរា