ភ្នំពេញ : នៅល្ងាចថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ជាផ្លូវការ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក គីស៊ីដា ហ្វូមីអូ ( Kishida Fumio) ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គទូតនានា នៅព្រះរាជាណាចក្រកម្ពុជា មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីប្រតិភូសំខាន់ៗនៃប្រទេសជប៉ុន។
បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចផ្លូវការរួចហើយ នៅល្ងាចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជេីញជួបពិភាក្សាការងារទ្វេរភាគីជាមួយនឹង លោកនាយករដ្ឋមន្ត្រី ជប៉ុន បន្ទាប់មកសម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ និងមានសន្និសីទព័ត៌មានរួមគ្នាផងដែរ។
តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរបស់នាយករដ្ឋមន្ត្រីជប៉ុននៅពេលនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត៕
ដោយ :សុខ ខេមរា