សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

ចែករំលែក៖

ភ្នំពេញ÷នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិព្រះកុសុមៈ(ពេទ្យលោកសង្ឃ)។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលបានអោយដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ត្រូវបានសាងសង់ ដោយចំណាយថវិកាជាង ជាង៨០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។ មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ មន្ទីរពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ដែលអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ផងដែរ។

លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអបអរ សាទរចំពោះសមិទ្ធផលនៃមន្ទីរពេទ្យព្រះកុសុមៈដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ ដែលកើតចេញពីចំណង មិត្តភាពដ៏រឹងមាំរវាងចិន និងកម្ពុជា ។ លោកសង្ឃឹមជឿជាក់ថាតាមរយៈមន្ទីរពេទ្យនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើសេវាសុខាភិបាលជូនដល់ប្រជាជនកម្ពុជា ដែលមន្ទីរពេទ្យនេះបានបំពាក់នូវគ្រឿងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ថែមទាំងមានការបណ្ដុះបណ្ដាលធនធានមនុស្សសំខាន់ៗនៅមន្ទីរពេទ្យនេះផងដែរ។ លោកបានមានប្រសាសន៍គាំទ្រចំពោះកម្ពុជា នឹងបន្តជួយកម្ពុជាជាបន្ត បន្ទាប់ទៀតទៅតាមវិស័យផ្សេងៗដែលជាតម្រូវការរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះការទទួលបានសមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនាពេលនេះ ដែលជាមន្ទីរពេទ្យដែលបានបំពាក់នូវបរិក្ខារវេជ្ជសាស្ត្រដ៏ទំនើបជាច្រើន។ សម្តេចតេជោនាយរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កើតចេញពីចំណងមិត្តភាពនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀននៅក្នុងប្រទេស ខណៈកម្ពុជាបច្ចុប្បន្នក៏មានសមត្ថភាពធ្វើបានដែរ គ្រាន់តែថាកន្លងមក យើងមិនមានការផ្សព្វផ្សាយឲ្យទូលំទូលាយ ព្រោះដោយសារតែខ្លាចមានការជួញដូរក្រលៀន ឬអវយវៈនោះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ការបង្កើនសមត្ថភាពរបស់គ្រូពេទ្យគឺជារឿងសំខាន់ បូកនឹងការការពង្រឹងបន្ថែមទៀតនូវក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីធានាការព្យាបាលមានប្រសិទ្ធភាព និងសុវត្ថិភាព។

ទាក់ទងទៅនឹងទំនាក់ទំនងរវាងកម្ពុជាចិន សម្តេចតេជោ បានបានមានប្រសាសន៍ថា មិត្តចិនបានប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំងបង្ការជាជំងឺកូវីដ-១៩ ចំនួន ២០លានដូសបន្ថែមទៀត ដោយ៥ លានដូស នឹងមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះតាមរយៈជំនួយវ៉ាក់សាំងបន្ថែមទៀតនេះ ធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ បានគ្រប់គ្រាន់។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមគ្រូពេទ្យឱ្យចូលរួមទាំងអស់គ្នា ក្នុងថែទាំមន្ទីរពេទ្យ និងបរិក្ខារទាំងឡាយក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនេះ ដើម្បីធានាការប្រើប្រាស់បានគង់វង្សនិងយូរអង្វែង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាល ប្រជាពលរដ្ឋកម្ពុជាទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ហើយក៏បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ចាប់ពីពេលនេះតទៅ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print