ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបាននាំគ្នាភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នៅចំណុចប្រឡាយទឹក ស្ថិតក្នុងក្រុមទី២ ភូមិពោធិ២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បន្ទាប់ពី ដឹដឹងថាមានមនុស្សម្នាក់ស្លាប់ដោយឆ្លងចរន្តអគ្គិសនីឧបករណ៍ឆក់ត្រី។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគារបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាំង ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
មុនពេលកើតហេតុ ជនរងគ្រោះខាងលើបានស្ពាយឧបករណ៍ឆក់ត្រីទៅឆក់ត្រីដូចសព្វដង។លុះ នៅថ្ងៃកើតហេតុមិនដឹងរឿងអីស្រាប់តែភ្លាត់ស្នៀតឆ្លងចរន្តអគ្គិសនីពីឧបករណ៍ឆក់ត្រីរបស់ខ្លួនបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ក្នុងទឹកប្រឡាយតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញនគរបាលស្រុកមោងឫស្សីបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យហើយសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ក្នុងប្រឡាយទឹកដោយមានឧបករណ៍ឆក់ត្រីនៅក្បែរជាប់នឹងខ្លួនផង។ ករណីនេះសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាជនរងគ្រោះពិតជាបាត់បង់ជីវិតដោយភ្លាត់ស្នៀតត្រូវឧបករណ៍ឆក់ត្រីឆក់បណ្ដាលឲ្យស្លាប់ខ្លួនឯងប្រាកដមែន។
ក្រោយធ្វើកំណត់ហេតុរួចសមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថាករណីបែបនេះកើតមានម្ដងរួចទៅហើយកាលពីវេលាម៉ោង៤ និង០៥នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី៤ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ៕