ខេត្តកណ្ដាល: រថយន្តមួយគ្រឿងបើកមិនប្រកាន់ស្ដាំ បានទៅបុកម៉ូតូមួយគ្រឿងែលកំពុងជិះក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យយុវជនម្នាក់រងរបួស រីឯម៉ូតូខូចខាតធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី ត្រង់ចំណុចខាងមុខផ្ទះពេទ្យធ្មេញឯករាជ្យ លើផ្លូវជាតិលេខ១១៥ ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឱ្យដឹងថា រថយន្តបង្កម៉ាក MITSUBISHI TRITON ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BL-4330 បើកដោយឈ្មោះ អ៊ុំ មឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឧសភា សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ហុង លីហួរ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល បើកបរម៉ូតូម៉ាក SUZUKI NEX ពណ៌ស គ្មានស្លាកលេខ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុសាក្សីបានឃើញរថយន្តមួយគ្រឿងម៉ាក MITSUBISHI TRITON បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូ SUZUKI NEX ដែលបើកបរក្នុងទិសដៅពីលិចទៅកើតបណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្ដង។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញបានចុះពិនិត្យនិងធ្វើការវាស់វែង រួចដកហូតមធ្យោបាយដែលពាក់ព័ន្ធយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាងជ័យ