សម្ដេចក្រឡាហោម ស ខេង ៖ គ្មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈណាមួយ មានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ

ចែករំលែក៖

ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) មានប្រសាសន៍ថា គ្មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈណាមួយ មានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែបើពិចារណាទៅលើមធ្យោបាយក្នុងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា ជាទូទៅ វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបានគេចាត់ទុកថា គឺជាយុទ្ធសាស្ដ្រ ឬជាគោលនយោបាយសាធារណៈមួយដ៏មានប្រជាប្រិយភាព និងមានប្រសិទ្ធភាពខ្ពស់ក្នុងការលើកកម្ពស់ប្រជាធិតេយ្យ និងអភិបាលកិច្ច ក្នុងការគ្រប់គ្រង ការផ្ដល់សេវាសាធារណៈ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “ជារួមមានការកត់សម្គាល់ថា គ្មានប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈណាមួយដែលមានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ ក៏ប៉ុន្តែ បើពិចារណាទៅលើមធ្យោបាយក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗគ្នារបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗនោះ ប្រព័ន្ធគ្រប់គ្រងតាមបែបវិមជ្ឈការពិតជាមានគុណសម្បត្តិល្អប្រសើរច្រើន ដោយសារប្រព័ន្ធនេះ បានផ្តល់ការទទួលខុសត្រូវ និងភាពជាម្ចាស់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតនៅកៀកប្រជាពលរដ្ឋធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានាដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន”។

សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា និយាយដោយសាមញ្ញ គឺរដ្ឋបាលដែលនៅកៀកជិតប្រជាពលរដ្ឋ អាចដឹងសុខទុក្ខ និងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋបានយ៉ាងច្បាស់ និងត្រឹមត្រូវជាងរដ្ឋបាល ដែលនៅឆ្ងាយពីប្រជាពលរដ្ឋ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិទាំងនេះ ក៏អាចរៀបចំផែនការ អាចមានមធ្យោបាយដោះស្រាយប្រឈមនានា និងអាចធ្វើសេចក្ដីសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការឆ្លើយតបទៅនឹងសំណើ សំណូមពរ និងតម្រូវការនានារបស់ប្រជាពលរដ្ឋបានយ៉ាងសមស្រប ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ស្របតាមស្ថានភាពជាក់ស្ដែង ដែលមានលក្ខណៈខុសគ្នាៗ នៃមូលដ្ឋាននីមួយៗ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print