ភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ .អ .ប បានផ្តល់អនុសាសន៍ចំនួន៥ ជាចក្ខុវិស័យដើម្បីកំណត់ជាអាទិភាពសម្រាប់អនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី (២០២១-២០៣០) ដែលរួមមាន៖
ទី១.ផ្តោតទៅលើការរៀបចំរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយកម្មវិធីដំណាក់កាលទី២នេះ បន្តផ្តោតសំខាន់ទៅលើការបែងចែកសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវរវាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិតាមប្រភេទ និងថ្នាក់នីមួយៗឱ្យកាន់តែមានភាពច្បាស់លាស់ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ពោលគឺការបង្ខិតការធ្វើសេចក្តីសម្រេចចិត្តលើការផ្តល់សេវាសធារណៈឱ្យទៅកៀកជិតប្រជាពលរដ្ឋ ដើម្បីធានាដល់ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត។
ទី២.ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយធនធានមនុស្ស គឺជាតួអង្គដ៏សំខាន់ និងជាបញ្ហាអាទិភាពបំផុតក្នុងការធានានូវភាពរឹងមាំ និងប្រសិទ្ធភាពរបស់ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ផ្អែកលើមូលដ្ឋាននេះ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់នឹងរៀបចំឱ្យមានបុគ្គលិកគ្រប់គ្រាន់មានសមត្ថភាពជំនាញ និងបទពិសោធន៍ការងារស្របទៅតាមចរិតលក្ខណៈ និងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
ដោយបុគ្គលិកម្នាក់ៗត្រូវមានលក្ខខណ្ឌការងារ និងផែនការអនុវត្តកាងារច្បាស់លាស់ មានក្រមសីលធម៌វិជ្ជាជីវៈ មានការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តការងារប្រចាំឆ្នាំ។ កម្មវិធីជាតិដំណាក់កាលទី២នេះ ក៏ផ្តោតផងដែរទៅលើការរៀបចំឱ្យមានគោលនយោបាយលើកទឹកចិត្តបុគ្គលិក ការរៀបចំផែនការ និងក្របខណ្ឌអភិវឌ្ឍសមត្ថភាពប្រកបដោយប្រសិទ្ធភាព និងគុណភាព ព្រមទាំងការរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព តម្លាភាព ត្រឹមត្រូវ យុត្តធម៌ និងសមធម៌។
ទី៣.ធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តពិនិត្យឡើងវិញដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានធនធានហិរញ្ញវត្ថុសមស្របទៅតាមទំហំមុខងារ និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗទាំងសម្រាប់អនុវត្តមុខងារជាអាណត្តិទូទៅ និងមុខងារជាកាតព្វកិច្ចដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មានសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនក្នុងការរៀបចំ និងការអនុវត្តផែនការ និងថវិការបស់ខ្លួន។
ទី៤.ការលើកកម្ពស់គុណភាពនៃការផ្តល់សេវា និងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះកម្មវិធីជាតិដំណាក់កាលទី២ នឹងផ្តោតលើការរៀបចំ ការកែសម្រួល ពង្រឹងយន្តការនីតិវិធី និងស្តង់ដារសម្រាប់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីធានា ថាការផ្តល់សេវាទាំងនោះធ្វើឡើងដោយឆាប់រហ័ស តម្លាភាព គុណភាព ប្រសិទ្ធភាព យុត្តធម៌ និងសមធម៌ឆ្លើយតបចំគោលដៅនៃតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៥.ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិដោយកម្មវិធីជាតិដំណាក់កាលទី២ ក៏ផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការបង្កើត និងការដាក់ឱ្យអនុវត្តនូវប្រព័ន្ធរដ្ឋបាល អេឡិចត្រូនិចដើម្បីធានាដល់ការបង្កើនប្រសិទ្ធភាពទាំងក្នុងការប្រាស្រ័យទាក់ទងផ្ទៃក្នុងរដ្ឋបាលការផ្តល់ព័ត៌មាន និងការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយភាពឆាប់រហ័សនិងកាត់បន្ថយ នូវការិយាធិបតេយ្យ ស្របតាមគោលនយោបាយឌីជីថលកម្ពុជា (២០២២-២០៣៥) និងស្របតាម ការវិវត្តន៍រីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន៕
ដោយ៖ សិលា