មកទល់ពេលនេះជោគវាសនារបស់អ្នកដំណើរទាំង១៣៣នាក់ មិនទាន់ដឹងនៅឡើយទេ ក្រោយយន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 បានជួបគ្រោះថ្នាក់ធ្លាក់នៅតំបន់ព្រៃភ្នំបង្កឱ្យមានភ្លើងឆេះព្រៃរាលដាលយ៉ាងខ្លាំង។ យន្តហោះរបស់ក្រុមហ៊ុន China Eastern Airlines បានជួបគ្រោះថ្នាក់នៅរសៀលថ្ងៃទី ២១ខែមីនា ។ ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានផ្សាយថា យន្តហោះដឹកអ្នកដំណើរខាងលើបានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុង Wuzhou នៃតំបន់ Guangxi ខណៈដែលក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ ត្រូវបានចល័តជាបន្ទាន់ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ មានគោលដៅធ្វើដំណើរពីទីក្រុងKunming នៃខេត្តយូណាន ឆ្ពោះទៅកាន់ទីក្រុង Guangzhou នៃខេត្ត Guangdong។ សកម្មភាពជួយសង្គ្រោះកំពុងតែខិតខំ ប៉ុន្តែជួបផលលំបាកយ៉ាងខ្លាំង ដោយក្រោយការធ្លាក់យន្តហោះបានបង្កឱ្យមានភ្លើងឆេះព្រៃទ្រង់ទ្រាយធំពិបាកក្នុងការចូលទៅកាន់កន្លែងកើតហេតុ។ តាមតួលេខ FlightRadar24 ដែលមានឯកទេសតាមដានពីការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ បានផ្សាយថា ជើងហោះហើរ MU5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានជួបបញ្ហាបច្ចេកទេស។ ចំណែកគេហទំព័រ VariFlight បានផ្សាយថា យន្តហោះបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា មុនពេលជួបគ្រោះថ្នាក់៕ ដោយធីរីណា
រូបថត៖ShanghaiEye