យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Boeing 737 បានជួបគ្រោះថ្នាក់ធ្លាក់នៅតំបន់ភាគខាងត្បូងប្រទេសចិននារសៀលថ្ងៃទី ២១ខែមីនា ។ តាមសារព័ត៌មាន China Dailyបានបញ្ជាក់ឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់នោះជារបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ។ ចំណែកសារព័ត៌មានរដ្ឋចិន CCTV នៅថ្ងៃ២១ខែមីនាបានផ្សាយថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern មានផ្ទុកមនុស្សសរុបចំនួន១៣៣នាក់បានធ្លាក់នៅតំបន់ភាគនិរតីនៃប្រទេសចិន ខណៈដែលមិនទាន់ដឹងថាមានមនុស្សបាត់បង់ជីវិតប៉ុន្មាននាក់ ឬក៏អាចមានអ្នករួចរស់ជីវិតនោះឡើយ។ ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានផ្សាយថា យន្តហោះដឹកអ្នកដំណើរខាងលើបានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុង Wuzhou នៃតំបន់ Guangxi ខណៈដែលក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ ត្រូវបានចល័តជាបន្ទាន់ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ មានគោលដៅធ្វើដំណើរពីទីក្រុងKunming នៃខេត្តយូណាន ឆ្ពោះទៅកាន់ទីក្រុង Guangzhou នៃខេត្ត Guangdong។ វិស័យអាកាសចរណ៍របស់ប្រទេសចិន ស្ថិតក្នុងចំណោមប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពល្អបំផុតនៅលើពិភពលោក គិតក្នុងអំឡុងមួយទសវត្សរ៍ចុងក្រោយនេះ។ ករណីធ្លាក់យន្តហោះលើកចុងក្រោយបង្អស់ដែលមានមនុស្សស្លាប់នៅចិន បានកើតឡើងកាលពីឆ្នាំ២០១០ នៅពេលមនុស្ស៤៤នាក់ ក្នុងចំណោមមនុស្សសរុប៩៦នាក់ បានបាត់បង់ជីវិត ពេលយន្តហោះធុន Embraer E-190 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Henan Airlines បានធ្លាក់ពេលត្រៀមចុះចតនៅឯអាកាសយានដ្ឋានYichun៕ ដោយធីរីណា
រូបថត៖GUARDIAN