ភ្នំពេញ : មជ្ឈដ្ឋានទូទៅបានតាមដានចំពោះម្ចាស់រថយន្តTundra ដែលបើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយមានចរិតក្រអឺតក្រទម ធ្វើឱ្យល្បីសុសសាយពេញប្រព័ន្ធផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម facebook ។ ក្រោយមកលោកអធិការខណ្ឌចំការមនបានធ្វើលិខិតអញ្ជើញម្ចាស់រថយន្ត Tundraនោះឱ្យចូលបង្ហាញខ្លួនហើយ។ ប៉ុន្តែចំពោះអត្តសញ្ញាណ គឺមិនទាន់ប្រាប់នៅឡើយ ដែលគេសង្ស័យថា បុគ្គលទំនើងនេះជាអ្នកមានមុខមានមាត់ក្នុងក្របខ័ណ្ឌរដ្ឋ ឬក៏ជាសាច់ញាតិបស់អស់លោកធំណាមួយមិនខាន។
តាមប្រភពច្បាស់ការណ៍ពីមន្ត្រីនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីមានការរិះគន់ខ្លាំងពីមហាជនតាមបណ្ដាញសង្គមហ្វេសប៊ុកពាក់ព័ន្ធនឹងរថយន្ត Tundra បើកបញ្ច្រាសទិស និងសង្ស័យជាមន្ត្រីក្រសួងមហាផ្ទៃ ជាជនសង្ស័យបេីកបររថយន្តធុនដ្រាបញ្ច្រាសទិសដៅចរាចរណ៍នោះ គឺនៅរសៀលថ្ងៃទី ២០ ខែមីនា
ឆ្នាំ២០២២ លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន បានធ្វើលិខិតអញ្ជើញម្ចាស់រថយន្តឱ្យចូលខ្លួនមកពិន័យតាមច្បាប់ហេីយ ។
ប្រភពខ្លះបានលួចបង្ហើបបញ្ជាក់បន្ថែមថា ម្ចាស់រថយន្តជាមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែចំពោះព័ត៌មានជាក់លាក់គឺមិនទាន់ឃើញសមត្ថកិច្ចបញ្ជាក់នៅឡើយ ។ ចំណុចនេះ សបញ្ជាក់ថា, បើសិនជាប្រជាពលរដ្ឋវិញ អាចបង្ហាញអត្តសញ្ញាណហើយ ព្រោះសម័យ IT អង្គភាពចុះបញ្ជីយានយន្ត ឆែកតែ១នាទីទេដឹងហើយ តែករណីនេះនៅលាក់លៀមនៅឡើយ។
មជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ មន្ត្រីរាជការ សមត្ថកិច្ចរង់ចាំមេីលបន្តទៀត តេីម្ចាស់រថយន្តនេះនឹងចូលខ្លួនមកបង់ប្រាក់ពិន័យតាមការកោះអញ្ជេីញរបស់លោកអធិការដែរឬទេ ឬក៏មកដែរតែលាក់អត្តសញ្ញាណ ?
ដោយ : សហការី