ភ្នំពេញ ៖ បុរសម្នាក់សង្ស័យងងុយដេក បានបើករថយន្តToyota Prius មួយគ្រឿងក្នុងល្បឿនលឿន ធ្វើឱ្យរេចង្កូតទៅបុកខឿនឡើងលើសួនចែកទ្រូងផ្លូវ និងបុកដើមផ្កាមួយដើមទៀតបណ្ដាលឱ្យរថយន្តបែកកង់និងដាច់កាឡេកល់ជាប់ទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខវត្តនន្ទមុនី តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តToyota Priusមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AE-0229តាមបណ្ដោយផ្លូវលេខ២១៧ ពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវ និងបុកដេីមផ្កាមួយដេីមរងការខូចខាត ចំណែករថយន្តបង្កដាច់កាឡេនិងបែកកង់មុខកល់លេីទ្រូងផ្លូវទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែង
ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ