ខេត្តកំពង់ឆ្នាំង៖ លោក ហុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងត្រូវបានផ្លាស់ប្តូរតំណែងទៅបំពេញការងារនៅស្នងការដ្ឋាននគរបាលខេត្ត ហើយជំនួសដោយលោក មាស ស៊ីផិន ជាអធិការស្តីទីកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ។
ការផ្លាស់ប្តូរតំណែងលោក ហុល វាសនា ត្រូវបានធ្វើឡើងបន្ទាប់ពីរងបណ្តឹងពីឪពុកម្តាយយុវតីរងគ្រោះប្តឹងពីបទចាប់រំលោភសេពសន្ថវៈគំរាមដោយអាវុធទៅលើយុវតីថ្នាក់ទី១២មួយរូបកាលពីពេលថ្មីៗកន្លងទៅនេះ ទៅស្នងការដ្ឋាននគរបាលខេត្តនោះ ។
បើទោះជាមានការចោទប្រកាន់បែបនេះក៏ដោយ អតីតអធិការនគរបាលស្រុកកំពង់ត្រឡាចបានបដិសេធថា ខ្លួនមិនបានចាប់រំលោភនោះទេ រឿងនេះជាការឯកភាពគ្នានិងធ្លាប់មានស្នេហាដើរលេងជាមួយគ្នាជាង១ខែទៅហើយ ហើយថ្ងៃដែលយកម៉ូតូពីយុវតីរូបនោះ ទើបក្លាយទៅជារឿងប្តឹងផ្តល់។
សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋខ្លះបានរិះគន់ថា ខ្លួនជាអ្នកអនុវត្តច្បាប់ និងមានតំណែងផងដែរក្នុងជួរនគរបាលជាតិ មិនគួរណាប្រព្រឹត្តអំពើអបាយមុខធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្ងៃថ្នូរបែបនេះនោះឡើយ ៕ សុខ ខេមរ៉ា