ភ្នំពេញ : នាព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក យុទ្ធនាការអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោមប្រធានបទ
« រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់ អ្នក និងគ្រួសារ »
សូមបញ្ជាក់ថា, តាមរយៈលោកស្រីវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាប់ផ្តើមយុទ្ធនាការជាតិអប់រំសុខភាពរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងបរិវេនសាលាខេត្តកំពង់ស្ពឺ ក្រោមប្រធានបទ « រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ » ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងបង្កើនជម្រុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃរួមគ្នា បន្តអនុវត្តវិធានការចាំបាច់ៗនានា ដែលបានដាក់ចេញដោយការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការពង្រឹងការអនុវត្តន៍វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុស កូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ “អូមីក្រុង“ ៕
ដោយ : សិលា