ភ្នំពេញ : នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សា ការងារជាមួយ លោក Benoir Bosquet នាយកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក ទទួលបន្ទុកការអភិវឌ្ឍន៍ចីរភាពសកល និងសហការីនៃធនាគារពិភពលោក នៅឯទីស្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណង នៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យ និងវាយតម្លៃទៅលើដំណើរការគម្រោងនានានៅក្នុងវិស័យកសិកម្ម និងការរៀបចំផែនការគាំទ្រគម្រោងកម្មវិធីសម្រាប់វិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត។
ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណចំពោះធនាគារពិភពលោក ដែលបានចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាពិសេសក្នុងវិស័យកសិកម្ម។ នៅក្នុងបរិបទការរាតត្បាតនៃជំងឺកូវីត ធនាគារពិភពលោកបានចូលរួមគាំទ្រដល់ការទ្រទ្រង់ជីវភាពកសិករ និងគ្រួសារដែលរងផលប៉ះពាល់ពីជំងឺ១៩ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា ដែលបានចូលរួមដោះស្រាយបញ្ហាសន្តិសុខស្បៀង និងចំណូលរបស់ប្រជាកសិករ។ ទន្ទឹមនឹងនេះ លោកបានជម្រាបជូនថា ដំណើរគម្រោងទាំងឡាយក្រោមហិរញ្ញប្បទានឥណទាន របស់ធនាគារពិភពលោកមានដំណើរការរលូនល្អ និងបានជួយជំរុញកំណើនផលិតផលកសិកម្ម ជាពិសេសចូលរួមក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច។
លោក Benoir Bosquet បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការសហការជាមួយធនាគារពិភពលោក ក្នុងដំណើរការរៀបចំ និងអនុវត្តគម្រោងបានជោគជ័យនាពេលកន្លងមក។ ជាមួយគ្នានេះ ធនាគារពិភពលោកកំពុងពិនិត្យពិចារណាលើការគាំទ្របន្ថែមទៀត នៅក្នុងអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងវិស័យកសិកម្ម និងដើម្បីធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ សុខមាលភាពសាធារណៈ និងបង្កើនការនាំចេញផងដែរ។ ក្រៅពីនេះធនាគារពិភពលោក ក៏មានគម្រោងរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតប និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យកសិកម្ម ដើម្បីធានានិរន្តភាពនៅក្នុងវិស័យនេះ។
ជាចុងក្រោយ លោករដ្ឋមន្រ្តី បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក និងត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំគម្រោង កម្មវិធី និងផែនការនានាដែលពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម។ ហើយឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ដំណើរទស្សនកិច្ចរបស់លោក Benoir Bosquet និងសហការី ទទួលបានផ្លែផ្កា ប្រកបដោយភាពជោគជ័យ៕
ដោយ : សិលា