ខេត្តកំពត : បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តកំពត បានអោយដឹងថា, នាព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកំពត មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចប្រធានទីស្នាក់ការច្រកទ្វារព្រំដែនទ្វេរភាគីតន់ហន់ ក្រោមអធិបតីភាព លោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកស្នងការរង លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធាមមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលស្រុកកំពងត្រាច លោកអភិបាលស្រុកបន្ទាយមាស លោកអភិបាលស្រុកទឹកឈូ លោក លោកស្រីនាយក នាយករងទីចាត់ការ និងប្រធានអនុប្រធានអង្គភាពចំណុះសាលាខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេរភាគី ច្រកទ្វារកំពង់ផែសមុទ្រចំណុះសាលាខេត្ត កម្លាំងឈរជើងនៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីតិតន់ហន់។
យោងប្រកាសលេខ ៨១៦ ប្រក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរភារកិច្ច លោក ប្រាក់ សយ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគីតន់ហន់ ស្រុកកំពង់ត្រាច នៃខេត្តកំពត ឲ្យទៅបម្រើការងារនៅអង្គភាពដើមវិញ។ ប្រគល់ភារកិច្ច ជូន លោក ស៊ឹម សុខា ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគីតន់ហន់ ស្រុកកំពង់ត្រាច នៃខេត្តកំពត។
មានប្រសាសន៍ផ្តាំផ្ញើក្នុងឱកាសនោះ លោក សេង សិរីបុត្រ បានបញ្ជាក់ថា ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដេលលោកប្រធានទីស្នាក់ការចាស់ អនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក។ សូមប្រធានទីស្នាក់ការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវបន្តបេសកកម្ម ចូលរួមសហការ ជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រមដឹកនាំ ស្របតាមការបែងចែកតួនាទីភារកិច្ច ទទួលខុសត្រូវឲ្យបានល្អ។
បន្តកិច្ចសហការល្អជាមួយប្រទេសជិតខាង រួមសហការបង្ក្រាបបទល្មើសសេដ្ឋកិច្ច និងបទល្មើសនានាតាមបន្ទាត់ព្រំដែន និងសូមឲ្យមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅស្រុកកំពង់ត្រាច មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលប្រចាំការនៅច្រកទ្វារព្រំដែនទ្វេរភាគីតន់ហន់ សូមផ្តល់នូវកិច្ចគាំទ្រសហប្រតិបត្តិការ ដើម្បីរួមគ្នាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតំបន់ព្រំដែនឲ្យមានសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ និងខិតខំប្រមែប្រមូលពន្ធគយ និងត្រូវពិនិត្យ យកចិត្តទុកដាក់ចំពោះទំនិញខូចគុណភាពគ្រប់ប្រភេទ៕
ដោយ : សិលា