ប្រទេសសមាជិកណាតូខ្វែងគំនិតគ្នាស្តីពីការដាក់ទណ្ឌកម្មរុស្ស៊ី

ចែករំលែក៖

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាគ្នាជាមួយសមភាគីអឺរ៉ុបនៅទីក្រុង Brussels កាលពីថ្ងៃទី ២១ខែមីនាមក រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសហុងគ្រី លោក Peter Szijjarto បានបញ្ជាក់ថា ប្រទេសរបស់លោកមិនគាំទ្រការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ក្នុងវិស័យប្រេងនោះឡើយ។

រដ្ឋមន្ត្រីការបរទេសហុងគ្រីបានឱ្យដឹងថា ប្រទេសរបស់លោកមិនគាំទ្រការដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននោះទេ ដោយសារការដាក់ទណ្ឌកម្មនោះមិនមានប្រសិទ្ធភាពឡើយ ផ្ទុយទៅវិញនាំឱ្យប៉ះពាល់ដល់ខ្លួនឯងផ្ទាល់។ លោក Peter Szijjarto បញ្ជាក់ថា យើងមិនគាំទ្ររាល់ការដាក់ទណ្ឌកម្មទៅលើប្រភពផ្គត់ផ្គង់ថាមពលដល់ប្រទេសហុងគ្រីនោះឡើយ។
ក្រុមរដ្ឋមន្រ្តីការបរទេសរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃ២១ខែមីនា មិនអាចស្វែងរកការឯកភាពគ្នាបានជុំវិញការពិចារណាចង់ដាក់ទណ្ឌកម្មទៅលើវិស័យថាមពលរបស់ប្រទេសរុស្ស៉ី ជាពិសេសគឺប្រេង ដើម្បីឆ្លើយតបចំពោះវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយ។
កន្លងមកនេះ សហភាពអឺរ៉ុបនិងសម្ពន្ធមិត្តបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរមួយចំនួនរួចស្រេចទៅហើយប្រឆាំងនឹងរុស្ស៉ី ក្នុងនោះរួមមានទាំងការបង្កកទ្រព្យសម្បត្តិរបស់ធនាគារ
កណ្តាលរុស្ស៉ីថែមទៀតផង។ យ៉ាងណាមិញ ការបន្តវាយប្រហារឥតស្រាកស្រាន្តរបស់រុស្ស៉ីទៅលើអ៊ុយក្រែនកំពុងតែបង្កើនសម្ពាធឱ្យមានចំណាត់ការបន្ថែម។
ទោះជាបែបនេះក៏ដោយ ការដាក់គោលដៅលើការនាំចេញថាមពលរបស់ប្រទេសរុស្ស៉ី ដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិករួមទាំង ចក្រភពអង់គ្លេសបានធ្វើនោះគឺជាជម្រើសដែលពិបាកនឹងចុះសម្រុងគ្នាជាខ្លាំង សម្រាប់ប្លុកដែលមានសមាជិក២៧ប្រទេសនេះ ខណៈ EU សព្វថ្ងៃពឹងផ្អែកលើរុស្ស៉ី ដល់ទៅ៤០ភាគរយឯណោះ សម្រាប់បរិមាណឧស្ម័នដែលខ្លួនប្រើប្រាស់៕ ដោយធីរីណា

...


រូបថត៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print