ភ្នំពេញ៖ ឧត្តមសេនីយោធាម្នាក់ដែលគេស្គាល់ឈ្មោះថា វ័ន្ត គឹមឡេង និងអង្គរក្ស័បានបើករថយន្តលុចសុី៥៧០ពណ៌ខ្មៅមួយគ្រឿងយកមកដាក់បាំងខាងមុខគ្រឿងចក្រ ហើយបានប្រតិកម្មយ៉ាងខ្លាំងខណៈអាជ្ញាធរខណ្ឌនិងអាជ្ញាធរក្រុងសហការជាមួយនឹងក្រុមហ៊ុន OCIC ធ្វើការឈូសឆាយផ្លូវ១០០មែត្រស្របផ្លូវជាតិលេខ៦ពីអក្ស័ផ្លូវ ដាក់លូតាមគោលការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដើម្បីចញ្ជៀសចរាចរនិងរំដោះជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ ។
ប្រតិកម្មរបស់លោកឧត្តមសេនីយ៍យោធាផ្កាយ២រូបនេះ ធ្វើឡើងកាលពីវេលាម៉ោង៩ជាងព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦នៅដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិគៀនឃ្លាំងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ដោយលោកឧត្តមសេនីអះអាងថាដីនេះលោកទិញតាំងពីយូរឆ្នាំមកហើយ តែមិនចាំឆ្នាំ ។
ខណៈលោកឧត្តមសរនីយ៍រារាំងអាជ្ញាធរមិនបាន ក៏បានយករថយន្តលុចសីុស៥៧០ទៅដាក់បាំងពីមុខគ្រឿងចក្រដែលកំពុងឈូសឆាយ ហើយប្រើសំដីខ្លាំងៗថាក្រុមហ៊ុនបានប្លន់យកដីរបស់គាត់ដោយមិនបានដោះស្រាយ ព្រោះដីគាត់នៅទីនោះមានទំហ៊ំជិត៦ពាន់ម៉ែត្រការ៉េ ហើយត្រូវក្រុមហ៊ុនឈូសអស់ជាងពាក់កណ្តាលទៅហើយ ។ លោកថាលោកមិនរារាំងក្នុងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឬរដ្ឋាភិបាលទេ តែសុំឱ្យដោះស្រាយសិន ចាំកាត់ធ្វើផ្លូវធ្វើចុះតែដីនៅសល់ត្រូវប្រគល់ជាកម្មសិទ្ធិជូនគាត់វិញ មិនមែនឱ្យម្ចាស់ដីតែ១០ភាគរយ ហើយក្រុមហុ៊យនិងសាលាក្រុងយក៩០ភាគរយនោះទេ ធ្វើយ៉ាងនេះប្រជាពលរដ្ឋមិនអាចទទួលយកបានទេ ។
នៅវេលាម៉ោង១០នឹង២០នាទីលោកឧសេនីយ៍ក៏បានយករថយន្តរបស់គាត់ត្រឡប់ទៅផ្ទះវិញ ដោយទឹកមុខក្រេវក្រោធយា៉ងខ្លាំង ។
គួរបញ្ជាក់ថា ការអនុវត្តឈូសផ្លូវរបស់អាជ្ញាធរនេះ គឺយោងតាមអនុក្រិត្តរបស់រាជរដ្ឋាភិបាល និងសេចក្ដីជូនដំណឹងពីអាជ្ញាធររាជធានីភ្នំពេញ និងសាលាខណ្ឌជ្រោយចង្វា ដោយបានជូនដំណឹងដល់ប្រជាពលរដ្ឋនៅទីនោះជាច្រើនដងមកហើយ ។
ជំហររបស់អាជ្ញាធរនៅក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងមក នៅតែពង្រឹងជំហររបស់ខ្លួន ថាត្រូវស្ថាបនាបណ្តើរដោះស្រាយផលប៉ះពាល់បណ្តើរ ពិសេសស្ថាបនាផ្លូវ១០០ម៉ែត្រនិងដាក់ប្រពន្ធ័លូស្របតាមផ្លូវនេះ ឱ្យបានមុនរដូវវស្សាខាងមុខនេះដើម្បីបញ្ជៀសការលិចលង់ ពិសេសស្របតាមស្មារតីអង្គប្រជុំថ្ងៃទី២៣ខែមីនាឆ្នាំ២០១៦របស់សាលារាជធានីភ្នំពេញ និងតាមគម្រោងប្លង់មេអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ដែលសាលាក្រុងបានជំរុញឱ្យអាជ្ញាធរខណ្ឌពន្លឿនក្នុងការដោះស្រាយ ។
ចាប់ពីពេលនេះតទៅយើងមិនអាចបង្អង់ឬអូសបន្លាយពេលវេលាយូរតទៅទៀតបានទេ គឺត្រូវធ្វើតាមច្បាប់ ព្រោះដីតំបន់អភិវឌ្ឍន៍នេះ បើយោងតាមអនុក្រិត្តរបស់រាជរដ្ឋាភិបាល អណត្តិទី១ដែលចុះហត្ថលេខដោយនាយករដ្ឋមន្ត្រីចំនួន២រូប គឺនាយករដ្ឋមន្ត្រីទី១និងទី២ ក្នុងឆ្នាំ១៩៩៤ កាលនោះបានបង្កកដីនៅតំបន់នេះចំនួន៤៥០ហិកតា មិនឱ្យលក់ដូរ បញ្ចាំ ជួលឬធ្វើអំណោយអ្វីឡើយ ។ ក្រោយមករដ្ឋក៏បានបង្កើតឱ្យមានតំបន់អភិវឌ្ឍន៍លើផ្ទៃដីចំនួន៤៥០ហិកតា ដែលមានក្រុមហ៊ុនសាន់វេជាអ្នកអភិវឌ្ឍន៍ ។
ក្រោយមកទៀតក្នុងឆ្នាំ២០០១ក៏កែប្រែដីនេះមកនៅត្រឹម៣៨៧ហិកតាដោយសារប្រជាពលរដ្ឋនៅតំបន់នេះទាមទារឱ្យកាត់ដីឆ្វៀល១០០ម៉ែត្រពីអក្ស័ផ្លូវជាតិលេខ៦ ដូច្នេះរាជរដ្ឋាភិបាលក៏យល់ព្រមតាមហ្នឹង ដោយនៅសល់ដី៣៨៧ហិកតាសម្រាប់គម្រោងអភិវឌ្ឍនេះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះដោយសារតែរាជរដ្ឋាភិបាលបន្តឆ្វៀលភូមិចាស់ចេញបន្តទៀត ជាក់ស្តែងដីនេះនៅសល់តែជាង២៨៧ហិកតាតែប៉ុណ្ណោះ ដែលក្រុមហ៊ុនOCICជួលពីសាលារាជធានីភ្នំពេញ ព្រោះដីនេះជារបស់សាលារាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានចេញអនុក្រិត្តបង្កកនិងបង្កើតក្នុងឆ្នាំ១៩៩៤នោះ ហើយសាលារាជធានីជំរុញឱ្យមានការអភិវឌ្ឍន៍ឡើងដើម្បីយកក្រុងចិញ្ចឹមក្រុង ៕
ដោយ៖ ឌីរៀ