Update៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម ទីប្រឹក្សាស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថាគម្រោងសាងសង់ផ្លូវជាតិលេខ៥១ នេះមានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) បានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ ទទឹងតួផ្លូវសរុប ១២ម៉ែត្រ ផ្លូវសម្រាប់រថយន្តធ្វើចរាចរណ៍មាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ និងផ្លូវសម្រាប់ទោចក្រយានយន្តមាន ២គន្លង (១គន្លងទៅ ១គន្លងមក) គន្លងនីមួយៗមានទទឹង ១.៧៥ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលក្រួសក្រហមប្រវែង ០.៥០ម៉ែត្រ។ គម្រោងនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៧ ដល់ខែសីហា ឆ្នាំ២០១៩ បានចំណាយថវិកាសរុបជិត ៤១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

លោកតំណាងស្ថានទូតចិនប្រចាំកម្ពុជានបានអបអរសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ៥១ នេះ ដែលបានស្ថាបនាកសាងរួចរាល់ជាស្ថាពរ ជាសមិទ្ធផលដែលកើតឡើងតាមរយ:ចំណងមិត្តភាពកម្ពុជា-ចិនក្នុងចំណោមសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ លោកសង្ឃឹមថា តាមរយៈផ្លូវនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន និងឧស្សាហកម្ម។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវសេចក្តីរីករាយដែលបានមកសម្ពោធសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៥នាពេលថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៥១ នេះ គឺជាផ្លូវខ្សែក្រវាត់ភ្នំពេញមួយ ដែលបានជួយសម្រួលការធ្វើដំណើរ ជាពិសេសអ្នកដែលរស់នៅដូចជា ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ជាដើម ដែលមានបំណងចង់ទៅខេត្តតំបន់មាត់សមុទ្រ គឺមិនចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញទេ គឺអាចធ្វើដំណើរកាត់តាមផ្លូវជាតិលេខ៥១នេះ។ ផ្លូវនេះ គឺជាផ្លូវយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ក្នុងការតភ្ជាប់ទៅកាន់សមុទ្រកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលជាតិរបស់កម្ពុជា កើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងការរកសុខសន្តិភាពជូនជាតិមាតុភូមិ។ សម្តេចតេជោបានបន្ថែមទៀតថា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យបាននូវសុខសន្តិភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការវាងកម្ពុជា និងចិន កំពុងផ្តល់ផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ ជំងឺកូវីដ-១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ ក្នុងនោះគម្រោងនានារបស់ចិន ក៏មិនមានការផ្អាកសកម្មភាពនោះដែរ។

ជាថ្មីម្តងទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសថា ឆ្នាំនេះកម្ពុជានឹងរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយសម្ដេចតេជោបានបញ្ជាក់ផងដែរថា ឆ្នាំនេះ សម្តេច និងក្រុមគ្រួសារសម្តេច នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃ នៅទឹកដីនៃខេត្តព្រះសីហនុ។ សម្ដេចតេជោសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

មុននឹងបញ្ចប់​ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអបអសាទរចំពោះសមិទ្ធផលផ្លូវជាតិលេខ៥១ ដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ និងជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ពីតំបន់ថ្នល់ទទឹងផ្លូវជាតិលេខ៤ ទៅកាន់តំបន់ឧត្តុងផ្លូវជាតិលេខ៥ ចាប់ពីពេលនេះតទៅ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print