នៅថ្ងៃទី២៥ខែមីនា កូរ៉េខាងជើង បានប្រកាសថា បានបាញ់សាកល្បងមីសីល អន្តរទ្វីប(ICBM) មានឈ្មោះថា Hwasong-17 តាមបទបញ្ជារបស់មេដឹកនាំគីម ជុងអ៊ុន។
សារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២៥ខែមីនាបានផ្សាយថា ក្នុងពេលត្រួតពនិត្យការសាកល្បងដោយផ្ទាល់ មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាក់ថា ប្រទេសរបស់លោក បានត្រៀមលក្ខណៈរួចរាល់សម្រាប់ប្រឈមមុខយូរអង្វែងជាមួយអាមេរិក ។
សារព័ត៌មាន Rodong Sinmun បានផ្សាយថា «អាវុធ យុទ្ធសាស្ត្ររបស់កូរ៉េខាងជើងបានធ្វើឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់ពីកម្លាំងសព្វាវុធរបស់កូរ៉េខាងជើង។ មេដឹកនាំកូរ៉េខាងជើងបានព្រមានថា រាល់ការប៉ុនប៉ងឈ្លានពានកូរ៉េខាងជើង នឹងទទួលលទ្ធផលអាក្រក់ជាមិនខាន។
ក្រោយការត្រួតពិនិត្យការបាញ់សាកល្បងរួច ប្រមុខដឹកនាំកូរ៉េខាងជើងបានបញ្ជាក់ថា មីស៊ីល Hwasong-17 សាកល្បងដោយជោគជ័យ ។ មីស៊ីលនេះអាចបំពាក់ក្បាលគ្រាប់បរមាណូ។ មីស៊ីលនេះបាញ់បានចម្ងាយដល់ទៅ ១៣ពាន់គីឡូម៉ែត្រ ៕ ដោយធីរីណា
រូបថត :Rodong Sinmun