ភ្នំពេញ : នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) នៃសហភាពសព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមប្រឹក្សា។
ក្នុងឱកាសនោះ លោក ស សុខា បានគូសបញ្ជាក់ថា លទ្ធផលសំខាន់ៗដែល ក.យ.គ. សម្រេចបា ក្នុងនោះរួមមាន៖ ការទទួលបានការគាំទ្រពីមជ្ឈ្ដដ្ឋានជុំវិញ កិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ការកសាងគណៈដឹកនាំចលនា និងក្រុមការងារ ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដែលសម្រេចបាន ៩៦% នៃគ្រឹះស្ថានទូទាំងប្រទេស និងក្រុមការងារយុវជនទាំងនោះបានចាប់ផ្តើមសកម្មភាពរបស់ខ្លួនផងដែរ។ បន្ថែមពីនេះ លោកឱ្យដឹងថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ក៏បានរិះរកគ្រប់មធ្យោបាយក្នុងការបំពេញបេសកកម្មរបស់ខ្លួនឱ្យសម្រេចបានជោគជ័យ ដូចជាការប្រជុំ និងដោះស្រាយបញ្ហាតាមប្រព័ន្ធអនឡាញ ការបង្កើតឱ្យមានរចនាសម្ព័ន្ធមួយច្បាស់លាស់ ការបង្កើតឱ្យមានបទប្បញ្ញត្តិ និងឯកសារផ្លូវការនានាជាមូលដ្ឋាន នៃការដឹកនាំគ្រប់គ្រង, ការប្រមូលផ្តុំនូវធនធានមនុស្ស ដែលមានគុណវុឦ សមត្ថភាព និងបទពិសោធល្អៗ ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះ ក្រុមប្រឹក្សាបានដាក់ចេញនូវផែនការសកម្មភាពប្រចាំឆ្នាំ២០២១ ដែលមានលក្ខណៈ ជាក់លាក់ អាចអនុវត្តបាន ស្របទៅតាមធនធានដែលមាន សម្រាប់ជាត្រីវិស័យតម្រង់ទិសការងាររបស់ខ្លួន។
សូមបញ្ជាក់ថា ពិធីបិទសន្និបាតនឹងប្រារព្ធឡើងនៅពេលរសៀលថ្ងៃដដែល ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)៕