សមត្ថកិច្ចចាប់ថយន្ដលួចដឹកគ្រឿងក្នុងមាន់បង្កក នាំចូលពីប្រទេសថៃ បានជិត៤តោន សង្ស័យមានសារធាតុគីមី !

ចែករំលែក៖

 

ខេត្តបាត់ដំបង ៖ យ៉ាងណាស់ក៏មាន គ្រឿងក្នុងមាន់បង្កក ទម្ងន់៣៩០០គីឡូក្រាម ឈ្មួញលួចនាំចូលពីប្រទេសថៃ ចូលមកកម្ពុជា ដឹកតាមរថយន្តមួយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ឃាត់ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ57B ចំណុចភូមិស្ពានកណ្ដាល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។ 

សូមបញ្ជាក់ថា, ប្រសិនបើសមត្ថកិច្ចមិនបានទប់ស្កាត់ទាន់ ពេលវេលាទេ អាចប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយសារមានលាយសារធាតុគីមី។ 

សមត្ថកិច្ចបានបញ្ជាក់ថា, រថយន្ដដែលលួចដឹកគ្រឿងក្នុងមាន់បង្កកសមត្ថកិច្ចចាប់ឃាត់បាននេះ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2K-6487 លួចដឹកគ្រឿងក្នុងមាន់បង្កក ទម្ងន់៣៩០០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ បម្រុងយកទៅចែកចាយនៅក្រុងបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាត ។

សមត្ថកិច្ចបានបន្តថា, តាមការបំភ្លឺពីអ្នកបើកបររថយន្តបានឲ្យដឹងថា គាត់សុីឈ្នួលដឹកឲ្យគេ ហើយគ្រឿងក្នុងមាន់ក្លាស្សេទាំងនេះ បាននាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង គោលបំណងយកទៅចែកចាយបន្តនៅក្នុងខេត្តបាត់ដំបង។ ករណីសូមសមត្ថកិច្ចច្រកដូង ពិចារណាមើលផង តើការដឹកនេះ ហោះរំលងច្រក ឬ ក៏ខាងច្រកអនុញ្ញាតអោយនាំចូល? ។ 

សូមជម្រាបជូនថា, ក្រោយពីចាប់ឃាត់រថយន្តលួចដឹកគ្រឿងក្នុងមាន់បាន សមត្ថកិច្ចនាំយកទៅរក្សាទុកនៅមន្ទីររកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ឈានដល់ស្នើសុំតំណាងអយ្យការ ដើម្បីដុតកម្ទេចចោល ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print