ពិធីប្រចាំដប់ពីរខែ(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
បន្តមកទៀត ព្រះសង្ឃនិមន្តសូត្រញត្តិដោយនិមន្តពីក្រឡាតារាងមួយទៅតារាងក្រឡាមួយទៀត និងពីរណ្ដៅមួយទៅរណ្ដៅសីមាមួយទៀត ។
ថ្ងៃបន្ទាប់មកទៀត ជាថ្ងៃកាត់ឫសសីមា ។ ឫសសីមានោះត្រូវឆ្លាក់ចុះក្រោមគ្នាតែម្ដង នៅពេលជាមង្គលដែលគេបានកំណត់ទុកជាមុន។ ដើម្បីឲ្យបានស្មើគ្នាគេសន្មត់ស្នូរស្គរ ÷ ស្នូរទី ១ ដំបូងអ្នកកាន់កាំបិតទាំង ៩ នាក់ដាក់មុខកាំបិតគងលើខ្សែដែលចងឫសសីមា ហើយអ្នកកាន់អន្លូងទាំង ៩ នាក់ទៀតដាក់អន្លូងជាប់ទៅលើខ្នងកាំបិត ដើម្បីប្រុងប្រៀបលៃប្រមាណដៃ។ ស្នូរស្គរទី ២ គេលើកអន្លូងឡើងព្រមគ្នា ដល់ស្នូរទី ៣ គេវាយអន្លូងព្រមគ្នាតែម្ដងទៅលើខ្នងកាំបិត អំបោះចងឫសក៏ដាច់ឫសសីមាក៏ធ្លាក់ព្រមគ្នា ទៅក្នុងរណ្ដៅ។
តាមជំនឿអ្នកស្រុក មនុស្សខ្លះមើលពិធីកាត់ឫសសីមាមិនបានទេ។ នៅតំបន់ខ្លះក្នុងពេលបុណ្យលោកគ្រូចៅអធិកាមិនត្រូវនិមន្តទៅណាទេ។ នៅកន្លែងខ្លះទៀតបើឆ្នាំកំណើតលោកគ្រូចៅអធិការត្រូវគ្នានឹងឆ្នាំបញ្ចុះសីមានោះ លោកគ្រូ ត្រូវនិមន្តចេញឲ្យឆ្ងាយពីវត្ត លុះត្រាផុតសូរសន្ធឹកឫសសីមាធ្លាក់។រឿងនេះបានសេចក្តីថា បើលោកគ្រូចៅអធិការកើតឆ្នាំមមែហើយការធ្វើពិធីបញ្ចុះសីមាក៏ធ្វើនៅឆ្នាំមមែដែរ ពេលកាត់ឫសសីមាលោកមិនត្រូវគង់នៅក្នុងវត្តនោះទេ។ នៅស្រុកខ្លះទៀតថា អ្នកដែលកើតឆ្នាំត្រូវនឹងឆ្នាំបញ្ចុះសីមាត្រូវចេញឱ្យផុតស្នូរធ្លាក់ឫសសីមា បើមិនដូច្នេះទេនឹងមានអាយុខ្លី។ តាមទម្លាប់ខ្លះពេលកាត់ឫសសីមាមានតែអ្នកដែលមានមុខងារក្នុងពិធីនោះទេដែលនៅជួយឧបត្ថម្ភឯអ្នកដទៃទៀតត្រូវថយចេញអស់រលីង។
លុះកាត់ឫសសីមាស្រេចកាលណា គេទូងស្គរបីដងជាសញ្ញា ដើម្បីហៅអ្នកដែលរត់នោះឱ្យត្រឡប់ចូលមកវិញ។ ពួកឧបាសក ឧបាសិកា នាំគ្នាកាយដីលុបឫសសីមារួចដាក់បញ្ឈរសន្លឹកសីមាលើកន្លែងរណ្ដៅនោះ។ ចំណែកផ្ដៅឬអំបោះដែលចងជាក្រឡាតារាងនិងអំបោះឆៅចងឫសសីមានោះ អ្នកស្រុកដណ្ដើមគ្នាប្រញាយ ដើម្បីយកទៅវិញខ្សែចងក ចងចង្កេះ ឱ្យកូនចៅការពារខ្មោចបិសាច។
បន្ទាប់មកទៀត គេរៀបធ្វើពិធីឆ្លងបុណ្យដើម្បីផ្សាយមគ្គផល។ ការផ្សាយមគ្គផលនេះមិនមែនបានចំពោះតែអ្នកដែលបានចូលមករួមក្នុងការកុសលនោះទេ គឺបានរហូតដល់ញាតិការ ៧ សន្តានរបស់អ្នកធ្វើបុណ្យនោះផង ទោះជាធ្វើមរណកាលទៅហើយក្តីនៅរស់នៅឡើយក្តី ក៏ត្រូវបានទទួលនូវអំពើជាកុសលនោះនៅជាតិខាងមុខទាំងអស់។
ប្រសិនជាគេគ្រាន់តែសង់វិហារថ្មីមួយនៅត្រង់កន្លែងវិហារចាស់ទេគេគ្រាន់តែធ្វើបុណ្យផ្សាយកុសលរួចទុកជាការស្រេច។ អាចារ្យនាំគ្នាវឹរព្រះវិហារ ព្រះពុទ្ធរូប គម្ពីរ ប្រគេនព្រះសង្ឃ រួចយកទឹកមន្តរលាស់គ្រប់អន្លើក្នុងព្រះវិហារ រួចធ្វើពិធីបង្វិលពពិលជុំវិញសីមាកិល ធ្វើកិច្ចឧទ្ទិសផលដល់អ្នកដែលបានចូលមករួមក្នុងពិធីទីនោះ។ អ្នកទាំងនោះក៏ទទួលអនុមោទនាថា សាធុ! សាធុ!ព្រមគ្នាឡើងជាកិច្ចបង្ហើយបុណ្យ៕
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print