បុរសម្នាក់រួមដំណើរជាមួយប្រពន្ធកូនបើករថយន្តបុកសួនច្បារនិងបង្គោលភ្លើងបាក់រាបដល់ដី ឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនបានបើករថយន្តយ៉ាងលឿនរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងមួយដើមបណ្ដាលឱ្យបាក់រាបដល់ដី ចំណែកឯរថយន្តវិញក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អដែរដែលនៅក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩និង៥០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់រួមដំណើរជាមួយនប្រពន្ធនិងកូនតូច បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌កណ្ដុរល្មែះ ពាក់ស្លាកលេខ 2AW-2329 បើកបរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនមកដល់ផ្លូវកោងមិនប្រយ័ត្នក៏បួងចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងមួយដើមបណ្តាលឱ្យបាក់រាបដល់ដី រីឯរថយន្តវិញក្រឡាប់ផ្ងារជើងទ្រមេឃ តែសំណាងល្អប្រពន្ធនិងកូនតូចនៅក្នុងរថយន្តមិនមានរងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ រួចធ្វើការពិនិត្យនិងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print